ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ប្រជាកសិករធ្វើស្រែនៅក្នុងខេត្តពោធិ៍សាត់ មានការវិវត្តន៍ការធ្វើស្រែ ពីទម្លាប់តាមបែបបុរាណ ធ្វើម្តងក្នុង១ឆ្នាំ មកធ្វើច្រើនដង ដោយសារការអភិវឌ្ឍន៍បច្ចេកទេសធ្វើស្រែ រហូតទាញឲ្យទឹក ក្នុងការផ្គត់ផ្គង់មានការខ្វះខាត ។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស លោកអភិបាលខេត្តអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបានផ្តល់បទសម្ភាសន៍ ដល់មជ្ឈមមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ នៅតាមបណ្តោយប្រឡាយទឹកដំណាក់អំពិល ស្ថិតក្នុងស្រុកក្រវាញ ខេត្តពោធិ៍សាត់ ។

លោក ខូយ រីដា បានលើកឡើងថា “ចំពោះបញ្ហាទឹក និងការបង្កបង្កើនផល នៅខេត្តពោធិ៍សាត់ មានចែកជា២រដូវ រដូវវស្សា ទឹកមិនខ្វះទេ លើស រដូវប្រាំងគឺទឹកខ្វះ ពេលបច្ចុប្បន្ននេះ ការបង្កបង្កើនផលរបស់កសិកររបស់យើងទៅតាមតំបន់ តំបន់ខ្លះគឺយើងបង្កបង្កើនផលបានទាំងរដូវវស្សា ទាំងរដូវប្រាំង តំបន់ខ្លះ គឺបានតែរដូវប្រាំងទេ គឺធ្វើបណ្តេញទឹក”។
លោកអភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា “បញ្ហាប្រឈមជាក់ស្តែងនៅពេលបច្ចុប្បន្ននេះ គឺកសិកររបស់យើងគឺមាន២ស្រុក គឺកំពុងប្រឈមពីការខ្វះទឹកនេះ មានស្រុកបាកាន និងស្រុកកណ្តៀង ដែលមានផ្ទៃដីធំ រហូតដល់ បង្កបង្កើនផលជាង៥ម៉ឺនហិចតា” ។


លោកអភិបាលបញ្ជាក់ថា “យើងដឹងហើយថា តម្រូវការទឹក នៅក្នុងអាងរបស់យើងដែលស្តុកទុក សម្រាប់ជួយអន្តរាគមន៍ ដល់កសិកររបស់យើង គឺយើងមានតែតម្រូវការ ប្រហែលតែ ២ម៉ឺន៥ពាន់ហិចតាទេ តែយើងធ្វើដល់ជាង៥ម៉ឺនហិចតា ចឹងកំពុងតែជួបការប្រឈម បញ្ហាទឹកនេះ ជាក់ស្តែងគឺអាជ្ញាធរ ពីថ្នាក់ខេត្តថ្នាក់ស្រុក គ្រប់លំដាប់ថ្នាក់ ទៅដល់ឃុំទាំងអស់នេះ គឺកំពុងតែអន្តរាគមន៍ បែងចែកទឹក ដោយតម្លាភាព តម្លាភាពគឺមានន័យថា តំបន់នីមួយៗ ត្រូវតែមានទឹកទៅដល់” ។


លោកបានបន្តថា “ការបែក ចែកទឹកនេះ យើងពិនិត្យទៅលើប្រភពទឹកយើង ដែលនៅទំនប់ទី៣ និងទំនប់ទី៥ ហើយក្នុងនោះទំនប់ទាំងពីរនេះ គឺយើងស្តុកទឹកបាន ៥០លានម៉ែត្រគូប និងទំនប់ដំណាក់ចង្ក្រង បាន១០លានម៉ែត្រគូប ខណៈឆ្នាំនេះ ទំនប់ដំណាក់ចង្ក្រងនេះ ឆាប់អស់ទឹកជាងគេ ។ យើងនៅសល់ទំនប់២ គឺយើងអន្តរាគមន៍ ទៅស្រុកកណ្តៀង និងស្រុកបាកាន ឥឡូវជាក់ស្តែងទឹករបស់យើង គឺយើងអន្តរាគមន៍សង្គ្រោះស្រូវ តែនៅពេលខាងមុខ រយៈពេល ២ទៅ៣ខែខាងមុខ គឺយើងត្រៀមអន្តរាគន៍ សម្រាប់មនុស្សនិងសត្វនេះ ជារឿងសំខាន់ទី២” ។

លោក ខូយ រីដា បានអះអាងថា “អាជ្ញាធរដែនដី ជាមួយនឹងអង្គភាពជំនាញ គឺត្រូវរៀបចំការបែងចែកនេះ គឺតម្លាភាព ទៅលើកសិកររបស់យើង គ្រប់គោលដៅទាំងអស់ វាមិនឆ្លើយតប នឹងតម្រូវការគ្រប់ជ្រុងជ្រោយទាំងអស់ តែអ្វីដែលយើងកំពុងធ្វើនេះ គឺតម្លាភាព សម្រាប់ប្រជាពលរដ្ឋរបស់យើង ជាងវាងកុំឲ្យមានការថ្នាំងថ្នាក់ថា អាជ្ញាធរលម្អៀង” ។
លោកបានសង្កត់ធ្ងន់ថា ទោះបីប្រឡាយធំប៉ុណ្ណាក៏ដោយ តែបើទុយោដែលបូមទឹក ទំហំ ២ទៅ៣ទឹក និងមានចំនួនច្រើន នឹងបណ្តាឲ្យទឹក មិនអាចហូរទៅក្រោមបានទេ ។
លោកអភិបាលខេត្តបញ្ជាក់ថា “ពីដើមទឹកនៅក្នុងខេត្តពោធិ៍សាត់នេះ មិនសូវមានតម្លៃទេ ដោយសារកសិករយើង គិតតែធ្វើតាមទម្លាប់ពីបុរាណ ដែលធ្វើ១ឆ្នាំហូបមួយឆ្នាំ តែឥឡូវនេះ ទាំងព្រម ដោយសារ បច្ចេកទេសកសិកម្មទំនើប ការបង្ករបង្កើនផល គឺបានទិន្នផលខ្ពស់ ទាបបំផុត ៤ និងខ្ពស់បំផុត៧ទៅ៨តោន ក្នុងមួយហិចតា គឺបានផលច្រើន”។

លោកបានបន្តថា “មិនត្រឹមតែបានផលច្រើនទេ លក់ក៏បានថ្លៃទៀត មានការកើនតម្លៃនៅក្នុងខេត្តពោធិ៍សាត់នេះ ហើយសម្រាប់ឡានដឹកស្រូវចេញទៅ មានច្រើនហូរហែរទាំងឡានៗតែម្តង ។ចំណុចទាំងអស់នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើឲ្យកសិករមានការអភិវឌ្ឍន៍”៕
