ព័ត៌មានជាតិ

រដ្ឋមន្រ្តី អ៊ាង សុផល្លែត គាំទ្រអ្នកវិនិយោគ ដែលមានបំណងជួយបង្កើន ការងារដល់ប្រជាសហគមន៍ មូលដ្ឋាន

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានស្វាគមន៍ និងគាំទ្រ យ៉ាងពេញទំហឹង ចំពោះអ្នកវិនិយោគ ដែលមានបំណង ជួយបង្កើនការងារ ដល់ប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានកម្ពុជា ស្អាតតាមរយៈការ វិនិយោគដោយប្រើប្រាស់ ថាមពលកកើតឡើងវិញ។

ការលើកឡើងអំពីបរិស្ថាន ស្អាតរបស់ លោករដ្ឋមន្រ្តីធ្វើឡើងក្នុងជំនួបសម្តែងការគួរសម ជាមួយសមាគមសហគ្រាស គាំពារបរិស្ថាននៅកម្ពុជា (EPIAC) ដោយមានក្រុមហ៊ុន និងអ្នកវិនិយោគមកពីប្រទេសចិន ចូលរួមផងដែរ នារសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

តំណាងក្រុមហ៊ុនវិនិយោគក្នុងវិស័យបរិស្ថាន បានជម្រាបជូន លោករដ្ឋមន្រ្តី ថា ក្រុមហ៊ុនចិនធ្វើការវិនិយោគនៅកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមសហគ្រាសគាំពារបរិស្ថាននៅកម្ពុជា(EPIAC)បានអះអាងយ៉ាងម៉ឺងម៉ាត់ថា នឹងរួមចំណែកជួយបង្កើន ការងារដល់ប្រជាសហគមន៍មូលដ្ឋាន និងធានាមិនធ្វើសកម្មភាពទាំងឡាយណា ដែលបង្កផលប៉ះ ពាល់ដល់បរិស្ថានរបស់កម្ពុជាឡើយ ជាក់ស្តែងក្រុមហ៊ុនទាំងអស់ សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យ លើផ្នែកបច្ចេកទេសមុន នឹងសង់រោងចក្រដោយក្រុមការងាររបស់នាយកដ្ឋាន EIA និងតំណាងអគ្គនាយកដ្ឋាន EPA នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣រួចហើយ ។

ជាមួយគ្នានេះ ក្រុមហ៊ុន Newbustar (Cambodia) Tire CO.,LTD បានស្នើ លោករដ្ឋមន្រ្តី ចុះពិនិត្យផ្ទាល់នៅទីតាំង រោងចក្រ ដើម្បីបង្ហាញពីការវិនិយោគប្រកបដោយការ ទទួលខុសត្រូវ ជាពិសេសគឺការប្រើប្រាស់ ថាមពលកកើតឡើងវិញ ដែលឆ្លើយតបនឹងការប្រែប្រួលអាកាស ធាតុជាគោលការណ៍សកល។

ស្របនឹងការលើកឡើងនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះការវិនិយោគស្អាត និងបើកឱកាស ឱ្យមានការវិនិយោគបែបនេះ មកកម្ពុជាកាន់តែច្រើន ដើម្បីផ្តល់ឱកាសការងារ ដល់ប្រជាសហគមន៍នៅតាមមូលដ្ឋាន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ៕

To Top