ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ជម្រុញថ្នាក់ដឹកនាំគ្រប់កម្រិត និងប្រធានមន្ទីរសុខាភិបាល ដោះស្រាយបញ្ហាប្រឈម

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រុញឲ្យថ្នាក់ដឹកនាំគ្រប់កម្រឹត និងប្រធានមន្ទីរសុខាភិបាល ជាពិសេសមន្រ្តីជំនាញដែលបម្រើសេវាសាធារណៈ បន្តយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ និងមានមតិយោបល់ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមមាននៅក្នុងបន្ទុក ដែលជួបប្រទះ ឬរាំងស្ទះជាយូរមកហើយ ។

ជាមួយគ្នានេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញនូវគ្រប់បញ្ហាដែលប្រឈមដើម្បីយកមកឆ្លុះបញ្ចាំងខ្លួនឯងស្វែងរកចំណុចខ្វះខាត និងកែតម្រូវបំពេញបន្ថែមជាប់ជាប្រចាំ។

លោកបន្ថែមទៀតថា នៅគ្រប់មន្ទីរពេទ្យ ជាពិសេសមន្ទីរពេទ្យនៅកម្រឹតថ្នាក់ជាតិ ជំហានបឋមត្រូវរៀបចំកែលំអរប្រពន្ធ័ការត្រួតពិនិត្យសុខភាព (Medical Check Up) សម្រាប់អ្នកកទទួលសេវា ក្នុងការពិនិត្យព្យាបាលដោយប្រសិទ្ធភាព និងគោរពជំហានការងារពីនេះទៅមុខដើម្បីឲ្យប្រសើរឡើង។

ជាចុងក្រោយ រដ្ឋមន្រ្តី ក៏បានផ្តលអនុសាសន៍គន្លឹះខ្លះៗ ជាជំនួយស្មារតីដំណោះស្រាយលើបញ្ហាប្រឈមនានាៗផងដែរ ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធ Hybrid មានការចូលរួមដោយផ្ទាល់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងអគ្គនាយករង ប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត៕

To Top