ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសឡាវ

" "

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ច ប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ការទៅនេះរបស់រដ្ឋមន្រ្តីការបរទេសខ្មែរ តបតាមការអញ្ជើញ លោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។

" "

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា កិច្ចប្រជុំធ្វើឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាន នឹងពិភាក្សាអំពីអាទិភាព និងគម្រោងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធាន អាស៊ានរបស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ សម្រាប់ឆ្នាំ២០២៤។

" "

រដ្ឋមន្ត្រីការបរទេស អាស៊ាននឹងពិនិត្យតាមដានការងារនានា នៅក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ព្រមទាំងពិភាក្សាអំពីវិធីសាស្រ្តនានា ឆ្ពោះទៅរកការកសាង សហគមន៍អាស៊ាន រួមទាំងវឌ្ឍនភាព នៃការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈស្តីពី ទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជា ផលប្រយោជន៍និងក្តីបារម្ភរួម ផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ លោកឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សា ទ្វេភាគីជាមួយសមភាគី អាស៊ានមួយចំនួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ៕

To Top