ព័ត៌មានជាតិ

យប់ក្នុងថ្ងៃដំបូងក្នុងយុទ្ធនាការ ត្រួតពិនិត្យជាតិស្រវឹងរកឃើញអ្នកបើកបរ មានជាតិស្រវឹង២៣ ករណី

ភ្នំពេញ ៖ យុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ ក្នុងថ្ងៃទី១ ពោលយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌទាំង១៤ បានរកឃើញអ្នកបើកបរមានជាតិស្រវឹងសរុបចំនួន ២៣គ្រឿង ក្នុងនោះកម្រិតជាតិអាល់កុលចាប់ពី ០,២៥ ទៅ ០,៣៩ ចំនួន ៧គ្រឿង អ្នកបើកបរម៉ូតូចំនួន ៤នាក់ និងអ្នកបើកបររថយន្តចំនួន ៣នាក់។

ចំណែក កម្រិតជាត់អាល់កុលចាប់ពី ០,៤០ឡើងទៅ មានចំនួនសរុប ១៦គ្រឿង អ្នកបើកបរម៉ូតូចំនួន ១៤នាក់ អ្នកបើកបររថយន្តចំនួន ២នាក់។ នេះបើយោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២៦មករា ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្រោយការ បើកយុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ ក្រោមការអនុវត្តបទបញ្ជាដោយផ្ទាល់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រកឃើញអ្នកបើកបរយាន្តយន្តមួយចំនួនស្ថិតនៅក្រោមឥទ្ធិពលនៃជាតិស្រវឹង ។

លោកថា ជាការកត់សម្គាល់ ការអនុវត្តយ៉ាងតឹងតែង ដោយយកវិធានការច្បាប់ជាគោល និងជំនាញដែលជាការណែនាំ និងដាក់បទបញ្ជាដោយផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលជាការអនុវត្តយ៉ាងតឹងរឹង និងម៉ឺងម៉ាត់ មានការប្តេជ្ញាខ្ពស់ សំដៅក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងនោះផងដែរ ឧត្តមសេនីយ៍ឯក បានហាមដាច់ខាតមិនឲ្យមានការអន្តរាគមន៍ ក្នុងករណីណាមួយដែលមានការអន្តរាគមន៍ពាក់ព័ន្ធការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកបើកបរទទួលទានជាតិស្រវឹង និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ។

ក្នុងនាមអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោកបានអំពានាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លួវសាធារណៈ ត្រូវមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់គ្នា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍មានបញ្ហាកើនឡើងនៅពេលយប់។ ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងកុំពិសារគ្រឿងស្រវឹងនៅពេលបើកបរ។

សូមបញ្ជាក់ថា ការអនុវត្តក្នុងយប់ដំបូងនេះ បានឃាត់ យាន្តយន្តសរុប ២៣៤គ្រឿង ក្នុងនោះមានរថយន្តល្មើសច្បាប់ចំនួន ៥គ្រឿង អ្នកបើកបរល្មើសជាតិស្រវឹងសរុប២៣គ្រឿង ដោយកម្រិតជាតិអាល់កុលចាប់ពី០,២៥ ទៅ ០,៣៩ មានចំនួន ៧គ្រឿង អ្នកបើកបរម៉ូតូចំនួន ៤នាក់ អ្នកបើកបររថយន្តចំនួន ៣នាក់។

ចំណែក កម្រិតជាតិអាល់កុលចាប់ពី ០,៤០ឡើងទៅ មានចំនួនសរុប ១៦គ្រឿង អ្នកបើកបរម៉ូតូចំនួន១៤នាក់ អ្នកបើកបររថយន្តចំនួន២នាក់។ ទន្ទឹមនោះ សមត្ថកិច្ចក៏បានរកឃើញអ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពមានចំនួន ២០៤គ្រឿង កែច្នៃបំពង់ស៊ីម៉ាំង២គ្រឿង ម៉ូតូគ្មានស្លាកលេខ៣គ្រឿង។ ចំពោះយាន្តយន្ត និងអ្នកដែលប្រព្រឹត្តបទល្មើសទាំងអស់សមត្ថកិច្ចបានធ្វើការផាកពិន័យ និងអនុវត្តទៅតាមនិតិវិធីច្បាប់៕

To Top