ព័ត៌មានជាតិ

លោកសេង ម៉ៅ​ អាយុជិត៤០ឆ្នាំ​ សង្វាតរៀនជំនាញ បច្ចេកទេស ព្រោះចង់បើករបរ នៅស្រុកកំណើត

ភ្នំពេញ ៖ លោក សេង ម៉ៅ មានអាយុ៣៨ឆ្នាំ ជាសិក្ខាកាមកំពុងសិក្សាជំនាញ ជួសជុលរថយន្ត នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ បើទោះបីមានអាយុជិតជិត ៤០ឆ្នាំក៏ដោយ ក៏សិក្ខាកាមមកពីខេត្តបាត់ដំបងរូបនេះ នៅតែសង្វាតរៀនជំនាញ បច្ចេកទេស ដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន។

លោកថា៖«បន្ទាប់ពីបញ្ចប់ការរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរយៈពេល៤ខែ នៅទីនេះខ្ញុំរំពឹងថា អាចមានសមត្ថភាពសមរម្យ ក្នុងការបើកកន្លែងរកស៊ី បានដោយខ្លួនឯង ត្បិតរូបលោកក៏ធ្លាប់ស្គាល់ខ្លះៗមករួច ហើយដែរ ជំនាញប្រភេទនេះកន្លងមក»។

លោកអំពាវនាវឱ្យ យុវជនទាំងអស់គួរមក ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនេះឱ្យបានគ្រប់គ្នា ដើម្បីធានាថាខ្លួនឯងមានជំនាញមួយច្បាស់លាស់ មានការងារធ្វើគ្រប់គ្នាៗ នាពេលអនាគត អាចស្រោចស្រង់ជីវភាពគ្រួសារបាន ។ កាលណាយើងមានជំនាញមួយ ច្បាស់លាស់ ក្នុងខ្លួននោះវាមិនធ្វើឱ្យ យើងគ្មានការងារធ្វើនោះទេ ។

លោកមើលឃើញថា កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ទៅដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនេះ គឺជាការផ្តួចផ្តើមមួយល្អណាស់សម្រាប់យុវជនក្រីក្រ និងយុវជនទូទៅ ពីព្រោះវាអាចកែប្រែអនាគត របស់យុវជនពីគ្មានជំនាញ មកមានជំនាញ និងពីការបោះបង់ការសិក្សាមកត្រលប់ ចូលសាលាបណ្តុះបណ្តាលវិញ។

គូសបញ្ជាក់ផងដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៤ នោះបានបោះជំហានទៅមួយកម្រិតទៀតហើយ ដែលកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤កន្លងទៅ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកជាផ្លូវការកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈវគ្គដំបូង ៕

To Top