ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។

ក្នុងការចុះពិនិត្យនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឲ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបន្តលើកកម្ពស់សមត្ថភាពបច្ចេកទេស ក្រមសីលធម៌វិជ្ជាជីវៈ ពង្រីកសមត្ថភាពវិទ្យាស្ថានបន្ថែមទៀត ជាពិសេសសម្ភារៈបរិក្ខារមន្ទីរពិសោធន៍ទំនើបៗ និងបន្តបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែមានជំនាញច្បាស់លាស់ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះជ្រុងទី១ នៃបញ្ចកោណ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុត សម្រាប់ការជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។

ឆ្លៀតក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីយកទៅអនុវត្តធានាការចូលរួមចំណែកសម្រេចឲ្យបានសកម្មភាពនូវវិធានការគន្លឹះរបស់ក្រសួងសុខាភិបាលដើម្បីធានាឲ្យបានទាំងគុណភាព សុវត្ថិភាព បរិយាប័ន្ន និងនវានុវត្តន៍ នៃមន្ទីរពិសោធន៍ ។ ពង្រឹងបន្ថែមកិច្ចសហការជាមួយវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យសាធារណៈ ជាពិសេសគាំទ្រគ្នាទៅវិញទៅមកលើការស្រាវជ្រាវផ្នែកជំងឺឆ្លង និងជំងឺមិនឆ្លង។យកចិត្តទុកដាក់បន្ថែមលើការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល។

លោករដ្ឋមន្រ្តីឲ្យគាំទ្រឲ្យបន្ត និងជំរុញកិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីប្រើឲ្យអស់លទ្ធភាពក្នុងអនុវត្តផែនការយុទ្ធសាស្រ្តរបស់ជាតិនិងបន្តពង្រឹងការស្រាវជ្រាវ ការបណ្តុះបណ្តាលបន្តជាប្រចាំ អំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តី បុគ្គលិក និងជំរុញការធ្វើទំនើបកម្មការងារផ្នែកមន្ទីរពិសោធន៍ និងគ្រប់គ្រងដោយប្រើប្រាស់នូវកាលានុវត្តភាពរបស់បច្ចេកវិទ្យាឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន៕

To Top