ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ត្រូវបានរៀបចំឡើងផ្អែកលើគោលការណ៍គុណាធិបតេយ្យ អ្នកចេះគឺជាប់ និងយុត្តិធម៌ ក្នុងទិសដៅកសាងមូលធនមនុស្ស ប្រកបដោយចំណេះដឹង។
យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី វឌ្ឍនភាព នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចេញផ្សាយនាថ្ងៃ២៧ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានលើកឡើងថា ការប្រឡងនេះ ប្រៀបបីដូចជា ការបន្តមរតក ដែលក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០១៤កន្លងមក (អ្នកចេះគឺជាប់)។
លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ការប្រឡងជ្រើសរើស និងការពង្រាយគ្រូបង្រៀនលើកនេះ នៅតែបន្តអនុវត្តដោយមានភាពប្រាកដប្រជា ព្រោះការធ្វើស្វ័យប្រកាស និងឱ្យបេក្ខជនសុំការបញ្ជាក់ពីសាលាគោលដៅមុនពេលប្រឡងបានអនុវត្តច្រើនឆ្នាំកន្លងមកហើយ។ សាលា ដែលខ្វះគ្រូ ត្រូវធ្វើស្វ័យប្រកាសថាមានតម្រូវការពិត ហើយបេក្ខជនត្រូវធ្វើការជ្រើសរើសទីតាំងការងារ នៅសាលា ដែលមានតម្រូវការចាំបាច់ និងជាក់លាក់។
លោក បានគូសបញ្ជាក់ថា «ការប្រឡងនេះត្រូវបាន រៀបចំឡើងផ្អែកលើគោលការណ៍គុណាធិបតេយ្យ អ្នកចេះគឺជាប់ និងយុត្តិធម៌ ក្នុងទិសដៅកសាងមូលធនមនុស្ស ប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ និងសុខភាពល្អ ដើម្បីឱ្យសង្គមទទួលស្គាល់ និងឱ្យតម្លៃ ហើយការគោរពបាននូវគោលការណ៍នេះក៏នឹងនាំមកនូវកិត្តិយសបុគ្គល គ្រួសារ សង្គម និងប្រទេសជាតិផងដែរ»។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានលើកឡើងអំពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាឱ្យមានការប្រឡងជ្រើសរើសមន្ត្រីរាជការដែលទទួលបានគោលការណ៍រួចមកហើយក្នុងឆ្នាំ២០២៣ ដោយក្រសួង អប់រំ យុវជន និងកីឡា នឹងត្រូវបន្តជ្រើសរើសមន្ត្រីរាជការ ២០៨៨ នាក់ ក្នុងនោះ គ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ចំនួន១០០ នាក់ ត្រូវជ្រើសរើសពេលនេះ ដើម្បីដាក់ពង្រាយតាមអនុវិទ្យាល័យ និងវិទ្យាល័យគោល ដៅក្នុងខេត្តចំនួន២១។
លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមអំពីការផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅគ្រប់ដំណាក់កាលនៃការរៀបចំប្រព័ន្ធប្រឡង ទាំងអនឡាញ ទាំងដោយផ្ទាល់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការផ្ដល់ព័ត៌មានជូនបេក្ខជនតាមប្រព័ន្ធព័ត៌មានវិទ្យាឌីជីថល, ការរៀបចំកម្មវិធីណែនាំពន្យល់អំពីការអនុវត្ត វិញ្ញាសាកីឡា រួមទាំងសន្និសីទសារព័ត៌មាន ដើម្បីធានានូវតម្លាភាព និងការផ្តល់ឱកាសស្មើៗគ្នាដល់បេក្ខជនចូល រួមប្រឡងប្រជែង
។
សូមរំលឹកថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការជាគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ត្រូវបានប្រកាស បើកឱ្យបេក្ខជនចុះឈ្មោះប្រឡងប្រជែងយ៉ាងទូលំទូលាយ និងបញ្ចប់ទទួលពាក្យជាផ្លូវការនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។ បេក្ខជន ត្រូវមានគុណវុឌ្ឍគ្រប់គ្រាន់ និងបំពេញតាមលក្ខខណ្ឌនៃការជ្រើសរើស ពិសេសត្រូវឆ្លង កាត់ការពិនិត្យកាយសម្បទាជាមុនដោយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា។ ជាលទ្ធផល បេក្ខជនដែលបានដាក់ពាក្យសរុប មានចំនួន ១៨៩២នាក់ ស្រី ៥៧៩នាក់ ដោយក្នុងនោះបេក្ខជនសម្រាប់ការ បណ្តុះបណ្តាលជាគ្រូបង្រៀនកម្រិតមូលដ្ឋាន១២+២ ជំនាន់ទី៣១ មានចំនួន ១៤៤៥ នាក់ (ស្រី៤៥០ នាក់) និងបេក្ខជនសម្រាប់ការបណ្តុះបណ្តាលជាគ្រូបង្រៀនកម្រិតមូលដ្ឋាន១២+៤ ជំនាន់ទី៤ ចំនួន៤៤៧ នាក់ (ស្រី១៣៥នាក់)៕