ព័ត៌មានជាតិ

ក្រសួងបរិស្ថាន អំពាវនាវឱ្យចាប់ជនល្មើស ដែលសម្លាប់កូនដំរីមួយក្បាល នៅ​ខេត្ត​មណ្ឌលគីរី​

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអំពាវនាវដល់សមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមស្វែងរកវត្ថុតាង និងចាប់ជនល្មើសមកកាត់ទោស ក្រោយកូនដំរីមួយក្បាលអាយុ ៧ខែ បានស្លាប់នៅខេត្តមណ្ឌលគិរី បន្ទាប់ពីត្រូវគ្រាប់អាវុធ ហើយពុំឃើញក្បាលគ្រាប់បៀមជាប់ក្នុងខ្លួនឡើយ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា នៅថ្ងៃទី២៦ មករា មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក ជា តារា អនុប្រធានមន្ទីរ បានប្រទះឃើញមានកូនដំរីស្លាប់មួយក្បាល ដែលមានអាយុ ៧ខែ ទម្ងន់ ២០០គីឡូ ក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ក្រុមការងារ បានសហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកកោះញែក ដើម្បីធ្វើកោសល្យវិច័យលើសាកសពសត្វដំរីដែលបានស្លាប់។ ក្រុមការងារបានពិនិត្យ តាមដានរបួសមុតធ្លាយ នៅផ្នែកខាងក្រោមដើមទ្រូង តែសមត្ថកិច្ចរកពុំឃើញ ក្បាលគ្រាប់អាវុធបៀមជាប់ នៅក្នុងខ្លួនសត្វនោះឡើយ។ ក្រុមការងារបាននិងកំពុងបន្តចុះត្រួតពិនិត្យនៅកន្លែង កើតហេតុបន្ថែមទៀត ដើម្បីស្វែងរកវត្ថុតាងជាបន្តបន្ទាប់។

ក្រសួងបរិស្ថាន គូសបញ្ជាក់ថា «សូមសម្ដែងការសោកស្តាយជាខ្លាំងក្នុងការបាត់បង់សត្វព្រៃដ៏កម្រមួយប្រភេទ នេះក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងសូមថ្កោលទោសចំពោះជនប្រព្រឹត្តល្មើសច្បាប់ស្តីពីតំបន់ការពារ ធម្មជាតិ។ ក្រសួងបរិស្ថាន សូមអំពាវនាវដល់សមត្ថកិច្ច ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋមេត្តាចូលរួមស្វែងរក វត្ថុតាង និងចាប់ជនល្មើសមកកាត់ទោសតាមនីតិវិធីនៃច្បាប់»។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញ ការអនុវត្តច្បាប់ឱ្យបានដាច់ខាត ដោយមិន លើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងធនធាន ធម្មជាតិ។ ដំរីអាស៊ី ត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនចន្លោះ ពី៥០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី រតនគិរី និង ស្ទឹងត្រែង ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូឡូស៊ី ដែលមានសក្តានុពលខ្ពស់ និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត៕

To Top