ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្អែកនេះ នឹងអញ្ជើញជាគណៈអធិបតី ក្នុងពិធីភ្ជាប់ស្ពានអាកាសមរតកតេជោ ស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីព្រះមុនីវង្ស, មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថី យោធពលខេមរភូមិន្ទ (ផ្លូវ២៧១)។


យោងតាមបណ្តាញសង្គម លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧មករា បានឲ្យដឹងថា ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសមរតកតេជោ (ស្ពានអាកាសជាន់ទី២) បច្ចុប្បន្នសាងសង់ បានសម្រេចប្រមាណ ៨០% ហើយតាមផែនការគ្រោង នឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំ២០២៥។



លោក កើត ឆែ បានចាត់ទុកថា សមទ្ធផលទាំងនេះ កើតឡើងបាន ដោយសារប្រទេស មានសុខសន្តិភាព ។
លោកបានលើកឡើងថា “អរគុណសន្តិភាព និងការអភិវឌ្ឍ ។ សមិទ្ធផលថ្មីបន្តបន្ទាប់ទៀត នឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា” ៕


