ព័ត៌មានជាតិ

លោក កែវ រតនៈ បញ្ជាក់ ពីគោលការណ៍ វិស័យរ៉ែ ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត (មានវីដេអូ)

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ពីគោលការណ៍ របស់វីស័យរ៉ែ ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនោះការធ្វើអាជីវកម្មរ៉ែ គឺត្រូវបំពេញកាតព្វកិច្ចបង់ពន្ធ អាករ និងសួយសារជូនជាតិ ការការពារបរិស្ថាន ត្រឹមត្រូវ និងធានាសុវត្ថិភាព និងសុខុមាលភាព ជូននិយោជិតគ្រប់រូប។

តាមរយៈវីដេអូឃ្លីប ជាង១នាទី ដែលបានបង្ហោះនៅលើបណ្ដាញសង្គម លោក កែវ រត​នៈ បានលើកឡើងថា យើងចង់ឃើញបទប្រការរ៉ែមួយ ដែលបង់ចំណូលត្រឹមត្រូវឱ្យរដ្ឋ ដែលជាប្រយោជន៍ជាតិទាំងមូល និងចេញពីការការពារបរិស្ថានមួយ ដែលមានការទទួលខុសត្រូវបានច្បាស់លាស់ឱ្យសង្គម ដែលជាមោទកភាពជាតិខ្មែរទាំងអស់គ្នា។

លោកបន្ថែមថា បញ្ហាដែលត្រូវដោះស្រាយបន្ថែម គឺសុវត្ថិភាពនិងសុខភាព របស់បងប្អូនកម្មករ ដែល៩៩,៩៩% គឺជាជនជាតិខ្មែរ ដែលនឹងទទួលផលផ្ទាល់ ពីប្រតិបត្តិការរបស់វិស័យរ៉ែ ។​

លោក កែវ រតនៈបញ្ជាក់បន្ថែមថា ការបានចំណូលមួយមុខមិនគ្រប់គ្រាន់ទេ ការបានចំណូលជាប្រាក់ខែ ឬប្រាក់ឧបត្ថម្ភឱ្យកម្មករ កម្មការនីមិនទាន់គ្រប់គ្រាន់ទេ ​គឺត្រូវធ្វើមិចធានា បញ្ហាសុខភាពនិងសុវត្ថិភាព របស់បងប្អូនកម្មករ កម្មការិនី នៅក្នុងប្រតិបត្តិការរ៉ែ គ្រប់ប្រភេទទាំងអស់។

លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា «ការយកចិត្តទុកដាក់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺចង់ឃើញវិស័យរ៉ែ មានចំណូលដល់ជាតិ ការពារបរិស្ថានបានផង ធានាការអភិវឌ្ឍន៍ផង ហើយបង្កើតចំណូល ព្រមជាមួយការផ្ដល់នូវសេចក្ដីសុខ សុវត្ថិភាព ឱ្យកម្មករ កម្មការិនី ទូទាំងប្រទេសដែលពាក់ពា័ន្ធជាមួយវិស័យរ៉ែ»៕

សូមរំលឹកថា ក្រសួងរ៉ែ និងថាមពល បានចាប់ផ្តើមដំណើរការ ពិគ្រោះយោបល់លើសេចក្តីព្រាង បទបញ្ញត្តិផ្នែកសុវត្ថិភាពនិងសុខភាព ក្នុងទិសដៅការពារ កម្មករ ក្នុងវិស័យរ៉ែ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ៕

សូមស្ដាប់ ការលើកឡើង របស់លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល៖

To Top