ព័ត៌មានជាតិ

មន្ត្រីយោធាកងទ័ពជើងគោកម្នាក់ បើកឡានបុកគេស្លាប់ នៅកំពង់ធំ

ករណីគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់យុវជនម្នាក់និងរបួសធ្ងន់ម្នាក់បានកើតឡើងនៅខេត្តកំពង់ធំ បង្កឡើងដោយជនសង្ស័យជាមន្ត្រីយោធាកងទ័ពជើងគោក។ សាក្សីនៅនឹងកន្លែងកើតហេតុបានអះអាងថា ជនបង្កបានបើកឡានលឿនដូចហោះហើយរេចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលកំពុងជិះលើដងផ្លូវក្នុងទិសដៅបញ្ច្រាស់គ្នា។

ជនសង្ស័យជាមន្ត្រីយោធាម្នាក់បានបើកឡានភីកអាប់ម៉ាកឈៀរ៉ូលេត(Chevrolet)ស្លាកលេខ២អេអឹមភ្នំពេញ-៦៦០៣(2AM-6603 Phnom Penh) ក្នុងល្បឿនលឿនដូចហោះហើយរេចង្កូតទៅបុកយុវជនពីរនាក់ដែលកំពុងជិះម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នាបណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ រីយុវជនម្នាក់ទៀតបានរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅក្រុងភ្នំពេញ។ ក្រោយបើកឡានបុកយុវជនភ្លាមៗ ជនសង្ស័យបានចុះរត់យករួចខ្លួននិងមិនព្រមចេញមុខទទួលខុសត្រូវចំពោះជនរងគ្រោះនោះឡើយ។ នៅនឹងកន្លែងកើតហេតុជនសង្ស័យបានបន្សល់ទុកនូវសម្លៀកបំពាក់ទាហានកងទ័ពជើងគោកដែលសរសេរថា “កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចលេខ៧”។ នៅលើអាវទាហានដដែលនោះបានឆ្លាក់ឈ្មោះមន្ត្រីយោធានានោះថា “ព្រ.អ៊ឹង សុផាត”។ ក្រៅពីអាវគេសង្កេតឃើញមានវត្ថុតាងដដៃផ្សេងទៀតដូចស្លាកលេខឡាន ខ.ម “ខេមរៈភូមិន្ទចំនួនពីរ” និងស្លាកលេខឡាន“ចង្កូតស្តាំចំនួនពីរ”នៅនឹងកន្លែងហេតុកើត។

ក្រោយគ្រោះថ្នាក់កើតឡើងសាច់ញាតិជនរងគ្រោះ បានដាក់ពាក្យប្តឹងទៅកាន់មន្ត្រីអាជ្ញាធរមូលដ្ឋានដើម្បីជួយរកយុត្តិធម៌ជូនជនរងគ្រោះ។ តែរហូតមកដល់ម៉ោងនេះ ប៉ូលីសចរាចរណ៍មិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យបាននៅឡើយទេ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ  ម៉ោងប្រហែល១យប់រំលងអាធ្រាតថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤  នៅភូមិទួលដំណាក់  ឃុំចុងដូង  ស្រុកបារាយណ៍  ខេត្តកំពង់ធំ។  ជនរងគ្រោះឈ្មោះលោកវ៉ន  រ៉ាវុធ  អាយុ21 ឆ្នាំ  បានស្លាប់បង់ជីវិតបន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ ហើយជនរងគ្រោះម្នាក់ទៀត ឈ្មោះ ធន់  រងរបួសធ្ងន់និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញ  រហូតពេលនេះមិនទាន់ដឹងខ្លួននៅឡើយទេ។ 

គេសង្កេតឃើញថា​ មួយរយៈពេលចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍បុកស្លាប់ហើយរត់ គឺបង្កឡើងដោយជនសង្ស័យដែលសេធគ្រឿងស្រវឹង (ផឹកស្រា)។ ហើយជនបង្កទាំងនោះមួយចំនួនជាមន្ត្រីរាជការនិងជាកូនអ្នកធំជាដើម។ កន្លងទៅថ្មីៗ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាសាធារណៈថា “ជនបង្កទាំងឡាយណាដែលបានបើកឡានបុកគេស្លាប់នៅនឹងកន្លែងកើតហេតុហើយមន្ត្រីប៉ូលីសចរាចរណ៍មានសិទ្ធិចាប់ភ្លាមៗនៅនឹងកន្លែងដោយមិនចាំបាច់រងចាំដីការសម្រេចពីតុលាការនោះឡើយ។ សម្តេចបានទទូចឱ្យជនបង្កត្រូវចេញមុខទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន”៕

អត្ថបទដោយ៖ លោក សិរី មុនី

To Top