ព័ត៌មានជាតិ

រដ្ឋមន្ត្រីធនធានទឹក ចុះពិនិត្យវឌ្ឍនភាព គម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគនិរតី រាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

សូមជម្រាបថា គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គិតមកដល់ពេលនេះវឌ្ឍនភាពជា រួមនៃអនុគម្រោងទាំងពីរគឺ អនុគម្រោងរលាំងជ្រៃ និងអនុគម្រោងកណ្តាលស្ទឹងបាទី សម្រេចបានប្រមាណ១០% នៃទំហំការងារសរុប។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា ដោយសារគម្រោងនេះ កំពុងអនុវត្តមានតម្រូវការបិទទ្វារទឹក រលាំងជ្រៃ បានបណ្តាលឱ្យផ្នែកខ្លះនៃក្រុងច្បារមន ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ មានស្ថានភាពខ្វះខាតទឹក ប្រើប្រាស់ និងប៉ះពាល់ដល់ការងារស្រោចស្រព ផលដំណាំរបស់បងប្អូន ប្រជាកសិករនៅផ្នែកខាងក្រោម។

ឆ្លើយតបចំពោះបញ្ហានេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹកខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធក៏ដូចជា JICA កំពុងដុតដៃដុតជើងដោះស្រាយបញ្ហាខ្វះខាតទឹកនេះ ដោយធ្វើយ៉ាងណា អាចឱ្យប្រជាពលរដ្ឋ មានទឹកប្រើប្រាស់ ដូចដើម និងបានបញ្ជាឱ្យបើកទ្វារទឹកមេ រលាំងជ្រៃ ឡើងវិញ។

សូមបញ្ជាក់ថា មុនពេលចាប់ផ្តើមអនុវត្តគម្រោង មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងរដ្ឋបាលខេត្តកំពង់ស្ពឺក៏បានជូនដំណឹងជាមុនផងដែរ ពាក់ព័ន្ធនឹងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ តាមរយ:លិខិតលេខ ៥៣៤/២៣សជណ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។ ជាក់ស្តែងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ គម្រោងបានសាងសង់ទំនប់ពង្វាងទឹកនៅផ្នែកខាងលើនៃសំណង់មេស្ទាក់ទឹករលាំងជ្រៃ និងបានបិទទ្វារទឹកដើម្បីពិនិត្យគុណភាពសំណង់ ដោយបង្វែរចរន្តទឹកតាមវារីអគ្គិសនីខ្នាតតូចចុះទៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត ដែលធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹក ប្រចាំថ្ងៃ របស់ស្ថានីយផ្គត់ផ្គង់ទឹកស្អាត ចំនួន៥ ដែលយកទឹកពីប្រឡាយមេ រលាំងជ្រៃខាងត្បូង ជូនដល់ប្រជាពលរដ្ឋរស់នៅ ផ្នែកខាងក្រោមនៃទ្វារទឹក មេរលាំងជ្រៃ ក្នុងក្រុងច្បារមន ស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឆ្លៀតក្នុងឱកាសនោះដែលោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ ចំពោះវឌ្ឍនភាព នៃគម្រោងដែលសម្រេចបាន ព្រមទាំងមានប្រសាសន៍ណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ឱ្យខិតខំធ្វើយ៉ាងណា សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបញ្ជូនទឹក ឱ្យដល់បងប្អូនដែលនៅផ្នែកខាងក្រោម ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកណ្តាល បានប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងផ្គត់ផ្គង់ដល់ការស្រោចស្រព ដំណាំកសិកម្ម ដែលកំពុងប្រឈមការខ្វះទឹក។

default

គួរបញ្ជាក់ថា គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញបានបែងចែកអនុវត្តជាពីរអនុគម្រោងគឺ ទី១)អនុគម្រោងរលាំងជ្រៃដែលស្ថិតនៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រភពទឹកពីស្ទឹងព្រែកត្នោត ដោយជួសជុលប្រឡាយមេខាងជើង ចំនួន ១ខ្សែ មានប្រវែង ១១,៧០គីឡូម៉ែត្រ ជួសជុលប្រឡាយមេខាងត្បូងចំនួន ១ខ្សែ មានប្រវែង ១២,៦០ គីឡូម៉ែត្រ និងសាងសង់សំណង់ពាក់ព័ន្ធសរុបចំនួន ២០៧កន្លែង និង ទី២)អនុគម្រោងកណ្តាលស្ទឹងបាទី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ មានប្រភពទឹកពីស្ទឹងព្រែកត្នោត និងស្ទឹងតូច ដោយត្រូវសាងសង់ទំនប់សណ្តស្ទឹងតូចចំនួន ១ខ្សែ មានប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុងនាំទឹកទៅទន្លេបាទីចំនួន ១ខ្សែ មានប្រវែង ៤គីឡូម៉ែត្រ និងសាងសង់សំណង់ពាក់ព័ន្ធសរុប ៣៣កន្លែង៕

default
To Top