ព័ត៌មានជាតិ

សម្តេចធិបតី៖ ការពង្រឹងសមត្ថភាព រដ្ឋបាលសាធារណៈ ពិសេសការជ្រើសរើសមន្ត្រី នឹងក្លាយជាមូលធនមនុស្ស ដ៏សំខាន់ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការពង្រឹងសមត្ថភាព រដ្ឋបាលសាធារណៈ ពិសេស គឺការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ដែលនឹងក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា២០៣០ ។

ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងតាមរយៈបណ្តាញសង្គមរបស់សម្តេចនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ ក្នុងនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា “សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការ រៀបចំការប្រឡងប្រជែង រួមមាន៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានសិក្សាគ្រប់ជ្រុងជ្រោយនូវលទ្ធភាពរៀបចំ ការប្រឡងប្រជែងនាថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤នេះ ទាំងការតាក់តែងវិញ្ញាសាច្រើនជាងមួយជម្រើស ដោយជ្រើសយកជម្រើសតែមួយ មុនការប្រឡងប្រព្រឹត្តទៅ ក៏ដូចជាសណ្តាប់ធ្នាប់មណ្ឌលប្រឡង ពោរពេញដោយភាពហ្មត់ចត់ សុក្រឹតភាព និងសង្គតិភាព ដោយឈរលើស្មារតី “ចេះ គឺជាប់” “ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត” ដើម្បីជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ចេញពីបេក្ខជនប្រឡង ១ ៨៩២នាក់ (ស្រី្ត ៥៧៩នាក់) ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា”។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញ ឲ្យបេក្ខជនប្រឡងប្រជែង ខិតខំឱ្យអស់ពីសមត្ថភាព ទាំងវិញ្ញាសាសរសេរនាថ្ងៃនេះ និងវិញ្ញាសាអនុវត្តន៍កីឡា នៅថ្ងៃបន្តបន្ទាប់ ដោយមិនត្រូវធ្វេសប្រហែសលើវិញ្ញាសាណាមួយឡើយ៕

To Top