សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានសាកល្បងមីស៊ីលយុទ្ធសាស្ត្រ បាញ់ចេញពីនាវាមុជទឹកកាលពីថ្ងៃមុន ដោយមេដឹកនាំលោក គីម ជុងអ៊ុន បានសង្កេតមើលការសាកល្បង និងពិភាក្សាអំពីបញ្ហាទាក់ទងនឹង ការសាងសង់នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
លោក គីម បានដឹកនាំការបាញ់សាកល្បងមីស៊ីល “Pulhwasal-3-31” រួមគ្នាជាមួយមន្ត្រីជាន់ខ្ពស់នៃកងទ័ពជើងទឹក និងមន្ត្រីគណបក្សពលករកូរ៉េដែលកំពុង កាន់អំណាចនៅព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ។
ចំណាត់ការនេះបានធ្វើឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានសាកល្បងមីស៊ីលនាំផ្លូវថ្មី ដែលមានន័យថា “ព្រួញភ្លើង” ជាភាសាកូរ៉េ ហើយត្រូវបានគេជឿថា មានសមត្ថភាពអាចផ្ទុកក្បាល គ្រាប់នុយក្លេអ៊ែរជាលើកដំបូង។
របាយការណ៍បានឲ្យដឹថថា កាលពីថ្ងៃអាទិត្យ មីស៊ីលបានហោះពីលើសមុទ្រជប៉ុនក្នុងរយៈពេល ២ ម៉ោង ៣នាទី និង ៤១ វិនាទី និង ២ម៉ោង ៤ នាទី និង ៥វិនាទីរៀងៗខ្លួន មុនពេលវាយប្រហារលើគោលដៅកោះមួយ។ យោធាកូរ៉េខាងត្បូងបានរកឃើញ ការបាញ់បង្ហោះចេញពីទីក្រុងកំពង់ផែ Shinpo របស់កូរ៉េខាងជើង នៅឆ្នេរសមុទ្រភាគខាងកើតប្រហែលម៉ោង ៨ព្រឹក។
ប្រភពពី KCNA បានឲ្យដឹងថា ការធ្វើតេស្តនេះមិនមានផលប៉ះពាល់ ដល់សន្តិសុខនៃប្រទេសជិតខាង និងមិនមានជាប់ពាក់ព័ន្ធ ជាមួយស្ថានភាពក្នុងតំបន់នោះទេ។ ទីភ្នាក់ងារព័ត៌មានមិនបានផ្តល់ព័ត៌មានលម្អិតដូចជា កន្លែងបាញ់បង្ហោះនោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា