ព័ត៌មានជាតិ

សមាគមមិត្តយើង ផ្តល់ការកាត់សក់ជូនកម្មករ និងពលរដ្ឋក្នុងសង្កាត់ចោមចៅ ចំនួន៥០០នាក់ដោយឥតគិតថ្លៃ

" "

ភ្នំពេញ ៖ សមាគមមិត្តយើង (MYA) នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំសកម្មភាពមនុស្សធម៌កាត់សក់ជូន កម្មករ កម្មការិនី អ្នកបើកកង់បី តាក់ស៊ី និងប្រជាពលរដ្ឋ ក្នុងសង្កាត់ចោមចៅ១ ប្រមាណ៥០០នាក់។

កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការ ប្រតិបត្តិសមាគម បានលើកឡើងថា ការកាត់សក់ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋនេះ គឺជាសកម្មភាពមនុស្សធម៌ របស់សមាគមដែលតែងតែធ្វើឡើងជាប្រចាំដោយមិនប្រកាន់អ្វីឡើយ ។
បើតាមកញ្ញាដដែល កម្មវិធីសក់ និងសម្រស់ ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏សំខាន់មួយរបស់ សមាគមមិត្តយើង ដែលរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង អំពីជំនាញហាងសក់ និងសម្រស់សម្រាប់អ្នក ដែលកំពុងស្វែង រកការបណ្ដុះបណ្ដាលក្នុងវិស័យនេះ ដើម្បីជាមធ្យោបាយ លើកកម្ពស់ជីវភាពរស់នៅ។

" "

ប្រធានគណៈកម្មការ ប្រតិបត្តិ សមាគមរូបនេះ បានបញ្ជាក់ពីផែនការមនុស្សធម៌របស់ខ្លួននៅឆ្នាំ២០២៤នេះ ថា សមាគមគ្រោងនឹងរៀបចំការ កាត់សក់មនុស្សធម៌នេះ ឱ្យបាន១២លើក នៅឆ្នាំ២០២៤នេះ ដោយរំពឹងថា នឹងអាចជួយដល់ពលរដ្ឋប្រមាណ១ម៉ឺននាក់ ឱ្យទទួលបានការកាត់សក់ ដោយឥតគិតថ្លៃ។

" "

សូមបញ្ជាក់ថា សមាគមមិត្តយើង គឺជាអង្គការក្រៅរដ្ឋាភិបាល ក្នុងស្រុកដែលបានចុះបញ្ជី ស្របច្បាប់ ក្នុងឆ្នាំ ២០២១ ដែលមានចក្ខុវិស័យ ក្នុងការផ្តល់ឱកាសការងារ លើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ។ បេសកកម្មរបស់ មិត្តយើង គឺដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព បង្កើតបណ្តាញគាំទ្រ ចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយគ្នាក្នុងចំណោមអ្នកជំនាញ ដែលធ្វើការក្រៅប្រព័ន្ធ អ្នកជំនាញបច្ចេកទេស អ្នកផ្តល់សេវា និងអាជីវកម្មទាំងជាតិ និងអន្តរជាតិ។ មិត្តយើង មានសាខាចំនួន ៤ នៅខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងខេត្តស្វាយរៀង ហើយបាននិងកំពុងពង្រីកទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសថៃ ។

ទន្ទឹមនឹងនេះ កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការ ប្រតិបត្តិសមាគម សូមអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ឱ្យមកទទួលសេវាកាត់សក់ ពីសមាគម ដែលនឹងរៀបចំសកម្មភាពមនុស្សធម៌ រហូតទៅដល់១២លើក ក្នុងរាជធានីភ្នំពេញ ៕

To Top