ព័ត៌មានជាតិ

សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី យាងជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសង្ឃប្រកាស នៃអនុសំវច្ឆរៈមហាសន្និបាត លើកទី ៣១

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នារសៀល ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៤ នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសង្ឃប្រកាស នៃអនុសំវច្ឆរៈមហាសន្និបាត លើកទី ៣១ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត បូរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ឧត្ដមប្រឹក្សាគណៈសង្ឃនាយក ព្រមទាំងមានការចូលរួម ពី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ប្រមាណជាជាង ៧០០ អង្គ/នាក់ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការចូលរួមផលិតពលរដ្ឋល្អតាមរយៈពុទ្ធោឱវាទ បានចូលរួមយ៉ាងសំខាន់ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ពោលគឺបើសង្គមយើងមានមនុស្សល្អកាន់តែច្រើន មនុស្សអាក្រក់កាន់តែតិច នោះអំពើអបាយមុខនៅក្នុងសង្គម ក៏នឹងកាត់បន្ថយបាន ហើយស្ថិរភាពសណ្តាប់ធ្នាប់ក្នុងសង្គម ក៏នឹងកើតឡើង ដែលជាចំណុចស្នូលនៃជ្រុងមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ។ ទន្ទឹមនិងនេះ តាមរយៈវិស័យពុទ្ធិកសិក្សា ព្រះពុទ្ធសាសនាបានជួយបណ្តុះបណ្តាលធនធានបុព្វជិតជាច្រើនដែល កុលបុត្រក្រីក្រ ឲ្យក្លាយទៅជាបញ្ញវន្តសង្ឃ ប្រកបដោយសមត្ថភាពនៅក្នុងសង្គម។ នេះគឺជាការចូលរួម មួយទៀតនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល គឺការចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈ ការបណ្តុះបណ្តាលធនធានមនុស្សនេះឯង។ នេះគ្រាន់តែជាការយល់ឃើញមួយផ្នែកប៉ុណ្ណោះ ពោលគឺនៅមានតួនាទីសំខាន់ដទៃៗ ទៀត ដែលព្រះពុទ្ធសាសនា កំពុងប្រកាន់ ខ្ជាប់ជានិច្ចកាល ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា សង្ឃប្រកាសដែលបានធ្វើការផ្សព្វផ្សាយនៅពេលនេះ គឺបានកើតចេញពីទស្សនៈរួម ឬអាចនិយាយបានថាជាសេចក្ដីសម្រេចរួមរបស់ព្រះមន្ត្រីសង្ឃទូទាំងប្រទេស ដែលបានពិភាក្សាផ្លាស់ប្តូរគំនិតគ្នា ឈានទៅដល់ការដាក់ចេញនូវសង្ឃប្រកាសនេះជាស្ថារពរ។ ដូច្នេះយើងចាំបាច់ត្រូវតែផ្សព្វផ្សាយទៅដល់អ្នកពាក់ព័ន្ធ ហើយត្រូវតែរួមគ្នាអនុវត្តទៅតាមខ្លឹមសារទាំងឡាយនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីជាប្រយោជន៍របស់សាសនាផង និងជាប្រយោជន៍របស់សង្គមជាតិយើងទាំងមូលផងដែរ ៕

To Top