ស្វាយរៀង៖ នៅថ្ងៃទី២៩ខែមករាឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានបង្ហាញមុខជនសង្ស័យជាជនជាតិវៀតណាមចំនួន១១នាក់ រួមនិងវត្ថុតាងគ្រឿងញៀនជាង១គីឡូក្រាម ដែលសមត្ថកិច្ចធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាននៅក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈីវ អ៊ិចគង់ និងលោក ដូរ៉ាអង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី២២-២៦ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្តបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះល្វែងជួល និងចំណុចអគារស្នាក់នៅក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងទៀតថា ជាលទ្ធផលក្នុងការបង្ក្រាបនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១១នាក់ ស្រី៥នាក់ (ជនជាតិវៀតណាម)។វត្ថុតាងនិងសម្ភារសមត្ថកិច្ចបានដកហូតបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦០៨,០៤ ក្រាម, ប្រភេទកេតាមីន ទម្ងន់ ៤៨៥,៤៥ ក្រាម, ប្រភេទ អ៊ិចស្តាស៊ីទម្ងន់ ៣១១,៧៥ ក្រាម, ប្រភេទ ហេរ៉ូអ៊ីនទម្ងន់ ១,០៥ ក្រាម, មេតំហ្វេតាមីនគ្រាប់ទម្ងន់ ០,៧៩ ក្រាម, អ៊ិចស្តាស៊ីគ្រាប់ទម្ងន់ ០,២៨ ក្រាម សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១គីឡូ ៤០៧,៣៦ក្រាម។កាំភ្លើងខ្លី១ដើម ក្នុងរួមទាំងវត្ថុតាងនានា និងឧបករណ៍ សម្ភារកែច្នៃ ហើយនិងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ យាងដានុត