ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានហាមដាច់ខាតចំពោះមន្រ្តីបរិស្ថានទាំងអស់ទិញកូនឈើពីឈ្មួញ ដើម្បីចែកជូនប្រជាពលរដ្ឋ ត្រូវប្រើបេះដូងបណ្តុះកូនឈើចែកឲ្យពួកគាត់ជំនួសវិញ។
ការហាមមន្រ្តី មិនឲ្យទិញឈើចែកជូនពលរដ្ឋរបស់លោកបណ្ឌិត អ៊ាង សុផល្លែតនេះ ក៏ព្រោះថា មន្រ្តីបរិស្ថានមិនមែនជាឈ្មួញជួញដូរកូនឈើនោះទេ តែគឺជាអ្នកបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋទៅវិញ។
ការជំរុញលើកទឹកចិត្ត និងបង្កឲហតមានវប្បធម៌ស្អាតក្នុងចំណោមមន្រ្តីរាជការ និងភាពស្អាតស្អំពីមន្រ្តីរាជការនេះ ធ្វើឡើងក្នុងឱកាសលោកបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន (២០២៤-២០២៨)» នៅរសៀល២៩ មករា ។ ផែនការយុទ្ធសាស្ត្រនេះ ត្រូវរៀបចំឡើងដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ក្នុងគោលដៅការគ្រប់គ្រងធនធានធម្មជាតិ ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកការធានាចីរភាពបរិស្ថាន។
លោករដ្ឋមន្ដ្រីលើកឡើងថា ការបណ្តុះកូនដើមឈើជូនពលរដ្ឋដោយប្រើបេះដូងជួយ គឺជាភាពគំរូដ៏ល្អមួយ ដែលកើតចេញពីចិត្តស្អាតរបស់មន្រ្តីបរិស្ថាន ហើយបន្តពន្លកបៃតងដែលស្អាតល្អបរិសុទ្ធនេះទៅឲ្យពួកគាត់ និងសិស្សានុសិស្សដាំ ដើម្បីបង្កើននូវភាពបៃតងទូទាំងប្រទេស ។ ម្យ៉ាងវិញទៀតក៏ជាការបង្ហាញថា ការទុកចិត្តរបស់ពលរដ្ឋចំពោះរាជរដ្ឋាភិបាលថ្មី គឺបានកំពុងដឹកនាំកម្ពុជាឲ្យចាកឆ្ងាយភាពក្រីក្រ ឈានទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់តាមរយៈកម្មវិធីអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលនីតកាលទី៧ ក្នុងនោះរាប់បញ្ជូលការធ្វើពាណិជ្ជកម្មកាបូនផងដែរ៕