ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូនេស៊ី បេ្តជ្ញាលើកកម្ពស់ទំនាក់ទំនងសភា ពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជន

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា លោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក នៅកម្ពុជា នឹងខិតខំលើកកម្ពស់ទំនាក់ទំនងសភាប្រទេសទំាងពីរ ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ជាមួយគ្នានេះ លោកនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ លើវិស័យពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជន និងប្រជាជន រួមនឹងវិស័យអប់រំ ឱ្យមានការរីកចម្រើនថែមទៀតផងដែរ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួប នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

សម្តេចស្វាគមន៍ចំពោះបេសកកម្មការទូត របស់លោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ និងបានគូសបញ្ជាក់ថា រដ្ឋសភាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ជាមួយស្ថានទូតឥណ្ឌូនេស៊ី សំដៅពង្រឹង និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឲ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត។

សម្តេចរដ្ឋសភាមានប្រសាសន៍ថា បេសកកម្មការទូតរបស់លោកនៅកម្ពុជា ស្របពេលទំនាក់ទំនងប្រទេសទំាងពីរបានឈានដល់ខួបទី៦៥ឆ្នាំ នឹងក្នុងពេលដែលរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតឡើងក្រោយការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ កាលពីខែកក្កដាកន្លងមកនេះ។

ឥណ្ឌូនេស៊ីឈរលេខរៀងទី៦ ក្នុងចំណោមបរទេសដែលវិនិយោគនៅកម្ពុជា។ ទំហំពាណិជ្ជកម្ពុជានិងឥណ្ឌូនេស៊ី នៅឆ្នាំ២០២២ មានចំនួនជាង ៩៤៨ លានដុល្លារ។ ក្នុង៤ខែដំបូង នៃឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង៣៩២ លានដុល្លារ។ ឥណ្ឌូនេស៊ីជាទីផ្សារទទួលទិញអង្ករពីកម្ពុជាផងដែរ។ ក្នុងន័យនេះ សម្តេចរដ្ឋសភានលើកទឹកចិត្ត និងសំណូមពរដល់ឯកអគ្គរដ្ឋទូត ពិចារណាក្នុងការជួយនាំផលិតផលកសិកម្មពីកម្ពុជា ឲ្យបាន់កាន់តែច្រើនបន្ថែមទៀត៕

To Top