ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ៖ នគរបាលទូទាំងប្រទេស ត្រូវបន្ដត្រួតពិនិត្យរឹតបន្ដឹងច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវបន្ដយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្ដគ្រប់ប្រភេទ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងកិច្ចប្រជុំបូកសរុបដកពិសោធន៍រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគក ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ បើធៀបនឹងរយៈពេលមុននៃយុទ្ធនាការត្រួតពិនិត្យរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរ។ នាយឧត្តមសេនីយ៍ បន្ដថា យុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងនេះ មិនអាចដកថយបានឡើយ។

នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារមានការចង្អុលបង្ហាញ ការដាក់បទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ខ្ញុំបានចាត់ចែងបញ្ជាផ្ទាល់ទៅឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដើម្បីបើកយុទ្ធនាការមួយធ្វើការត្រួតពិនិត្យគ្រឿងស្រវឹង។ ជាលទ្ធផល នៅរាជធានីភ្នំពេញ មានការថយចុះចំនួនគ្រោះថ្នាក់ មានន័យថាយើងដើរតាមផ្លូវមួយដែលត្រឹមត្រូវ»។

អគ្គស្នងការនគរបាលជាតិបន្តថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ឬឈានទៅលុបបំបាត់នូវភាពអាណាធិបតេយ្យ ការមិនគោរពច្បាប់ចរាចរណ៍។ នាយឧត្តមសេនីយ៍ បន្ថែមទៀតថា នៅពេលខាងមុខ រាជធានី-ខេត្តណាដែលនៅតែបន្ដកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍ទៀត នឹងត្រូវកោះប្រជុំដាច់ដោយឡែក ដើម្បីដកពិសោធន៍បន្ដទៀត។

ក្រៅពីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ពិសេសនៅពេលរាត្រី គឺបានឈានទៅទប់ស្កាត់បទល្មើសគ្រឿងញៀន ក្មេងទំនើង បទល្មើសព្រហ្មទណ្ឌ មុខសញ្ញាទើបចេញពីពន្ធនាគារជាដើម។ ដូច្នេះការងារនេះមិនអាចធ្វើត្រឹមមួយរយៈពេលបាននោះទេ ពោលត្រូវបន្ដអនុវត្តជាបន្ដបន្ទាប់ ហើយដោយមិនជូនដំណឹងជាមុនឡើយ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ នៅពេលអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ ត្រូវប្រើប្រាស់អាកប្បកិរិយា ពាក្យសម្ដីឲ្យនាមសមរម្យ ហើយត្រូវលុបបំបាត់នូវបាតុភាពអសកម្មផ្សេងៗ ជៀសវាងនូវការតិះទៀនពីសំណាក់ប្រជាពលរដ្ឋ។ ប៉ុន្ដែកម្លាំងសមត្ថកិច្ចត្រូវអនុវត្តការងារនេះឲ្យបានម៉ឺងម៉ាត់ និងគ្មានការលើកលែងដោយឡើយ ចំពោះបុគ្គលទាំងឡាយដែលរារាំងដល់សមត្ថកិច្ច។

សូមបញ្ជាក់ថា ឆ្នាំ២០២៣ គ្រោះថ្នាក់កើតឡើងសរុប ៣,៣១៧លើក (យប់៥៥%) បណ្តាលឲ្យស្លាប់១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៤១% មិនគោរពសិទ្ធិ២២% មិនប្រកាន់ស្តាំ៩% បត់៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយាន៥% ស្រវឹង៣% ភ្លើង/សញ្ញា១% សុខភាព/ងងុយ១% និងកត្តាអាកាសធាតុ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨០% (១,២៧៩/១,៥៩០នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩% (៨៨៨/១,២៧៩នាក់)៕

To Top