ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើត «ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ» ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងអនុប្រធាន ៣រូប ព្រមទាំងសមាជិកជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានភារកិច្ច ដូចជា៖ ដឹកនាំ សម្របសម្រួល និងអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រួមទាំងវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា «ច្រកចេញចូលតែមួយ» ដែលមានសិទ្ធិពិនិត្យ សម្រេច និងផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានា ជាកញ្ចប់ទៅលើគម្រោងវិនិយោគ និងសកម្មភាពធុរកិច្ច។
លើសពីនេះ ក្រុមការងារមានតួនាទី រៀបចំឯកសារចាំបាច់នានា និងនីតិវិធីអនុវត្តការងាររបស់ក្រុមការងារ និងធ្វើកិច្ចសហការល្អជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, ធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសឱ្យបានទូលំទូលាយ, ធ្វើការពន្យល់ឱ្យបានច្បាស់ និងត្រឹមត្រូវ និងផ្តល់សេវាបដិសណ្ឋារកិច្ច និងកិច្ចសហការល្អដល់វិនិយោគិន និងធុរជន ទាំងក្នុងប្រទេស និងក្រៅប្រទេស ជាដើម៕






