ព័ត៌មានជាតិ

អគារ នៅខេត្តព្រះសីហនុ ត្រូវបានផ្អាកដំណើរការសាងសង់ជិត៤០០អគារ ត្រូវការទុនវិនិយោគជាង១ពាន់លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា បច្ចុប្បន្ននេះ នៅខេត្តព្រះសីហនុ មានអគារត្រូវបានផ្អាកដំណើរការសាងសង់ចំនួន៣៦២អគារ ដោយត្រូវការទុនវិនិយោគបន្ថែមប្រមាណ១១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់។

នាឱកាសអញ្ជើញចូលរួមពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃទី៣១ មករា លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ចាប់ពីឆ្នាំ ២០១៦មក ការវិនិយោគក្នុងខេត្តព្រះសីហនុ មានសន្ទុះកើនឡើងយ៉ាងគំហុក ជាពិសេស មានការរីកដុះដាលយ៉ាងលឿនក្នុងចំនួនដ៏ច្រើននូវសំណង់អគារ ជាសណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ និងកន្លែងស្នាក់នៅ ជាដើម។

លោកឧបនាយករដ្ឋមន្រ្តីបន្ដថា ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ២០១៩ តមកទៀតការផ្លាស់ប្តូរនៅក្នុងការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច គួបផ្សំ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមជាសកលផ្សេងទៀតបានបណ្តាលឲ្យសំណង់អគារជាច្រើន ត្រូវបានផ្អាក ឬបញ្ឈប់ដំណើរការសាងសង់។

លោកឧបនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា «បច្ចុប្បន្នអគារដែលត្រូវបានផ្អាកដំណើរការសាងសង់មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែម ប្រមាណ ១១៦១ លានដុល្លារដើម្បីបញ្ចប់ការសាងសង់ ខណៈអគារដែលត្រូវបានសាងសង់រួចប៉ុន្តែពុំទាន់បានដាក់ដំណើរការប្រើប្រាស់មានចំនួន១៧៦»។

លោកឧបនាយករដ្ឋមន្រ្តីបន្ថែមថា ដើម្បីស្ដារ និងអភិវឌ្ឍខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការគាំទ្រជាបន្ដបន្ទាប់ដូចជា ៖ ការកសាងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ និងការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗទូទាំងខេត្ត ជាពិសេសដាក់ចេញកញ្ចប់ការវិនិយោគជាប់គាំង កាលពីខែមីនាឆ្នាំ២០២៣ ដែលរួមបញ្ចូលវិធានការទូទៅ និងវិធានការលើកទឹកចិត្តសម្រាប់អនុវត្តរហូតដល់ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតីនាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគសំដៅប្រែក្លាយខេត្តព្រះសីហនុទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនិងភាពមិនប្រាកដប្រជាខ្ពស់៕

To Top