ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានកំណត់យកប៉ូលសេដ្ឋកិច្ចសំខាន់ៗ ចំនួន២ គឺខេត្តសៀមរាប និងព្រះសីហនុ សម្រាប់ការប្រើវិធានការពិសេស ដើម្បីជំរុញ និងពន្លឿនសកម្មភាពការអភិវឌ្ឍកាន់តែខ្លាំងក្លា ធ្វើយ៉ាងណាទាញការអភិវឌ្ឍនៅទូទាំងប្រទេស។
នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ សម្ដេចធិបតីមានប្រសាសន៍ថា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលដាក់គោលដៅយកខេត្តសៀមរាប រៀបចំកម្មវិធីទស្សនាសៀមរាប២០២៤ ចំពោះកម្មវិធីពិសេសមួយទៀត គឺជំរុញការវិនិយោគខេត្តព្រះសីហនុជាចលករសម្រាប់ជំរុញសេដ្ឋកិច្ច។ ដូច្នេះក្នុងប៉ូលទាំង៥គឺកំណត់យកប៉ូលទី២ និងទី៣ គឺខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាគោលដៅសម្រាប់ប្រើកម្លាំងបន្ថែម។
សម្ដេចធិបតីគូសបញ្ជាក់ថា «ចឹងឆ្នាំ២០២៤នេះ យើងសម្រេចជ្រើសយកខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយក្នុងនៅវិស័យសំខាន់ដែលពាក់ព័ន្ធនឹងសក្តានុពលនេះ ដើម្បីធ្វើយ៉ាងណាជំរុញពន្លឿនការអភិវឌ្ឍកន្លែងនេះ អាចជាប៉ូលមួយ យោងឡើងខ្ពស់ហើយអាចទាញការអភិវឌ្ឍទូទាំងប្រទេស»។
ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ដ្រីឲ្យដឹងទៀតថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំងដើម្បីប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរ។ សម្តេចថា ដើម្បីដោះស្រាយបញ្ហាក្នុងខេត្តព្រះសីហនុឲ្យមានប្រសិទ្ធភាព ត្រូវប្រើយន្តការជួយពីថ្នាក់ជាតិ។
សម្តេចធិបតីបន្ថែមថា កម្មវិធីពីសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ អាចដោះស្រាយបញ្ហាចំពោះមុខ និងប្រើធនធានដែលមានស្រាប់ ឲ្យក្លាយជាសក្កានុពលដល់ខេត្តទាំងមូល៕