ព័ត៌មានជាតិ

សម្ដេចធិបតី បញ្ជាឲ្យបិទចោលទីតាំងបាញ់កាំភ្លើងឯកជនទាំងអស់ នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញបទបញ្ជាឲ្យលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បិទក្លឹបបាញ់កាំភ្លើងឯកជននៅខេត្តព្រះសីហនុទាំងអស់ ព្រោះភ្ញៀវទេសចរណ៍មកលេងខេត្តនេះ មកទស្សនាកោះ និងទំបន់ទេសចរណ៍នានា មិនមែនមានរៀនបាញ់កាំភ្លើងឡើយ។

នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃទី៣១ មករា សម្តេចធិបតី មានប្រសាសន៍ថា «ខ្ញុំបានបញ្ជាក់ជាមួយអភិបាលខេត្ត ហើយឥឡូវនេះមានកន្លែងបាញ់កាំភ្លើងស៊ីវិលប៉ុន្មាន? ខ្ញុំថា មិនចាំបាច់ទេសចរណ៍មកខេត្តព្រះសីហនុ មិនចាំបាច់រៀនបាញ់កាំភ្លើងទេ ដើរមើលកោះល្អជាង ។ ចឹងសូមឲ្យបិទតែម្ដង ហើយមិនឲ្យបើកថ្មីទេ។ អារឿងបាញ់កាំភ្លើងក្លឹបឯកជន មិនចាំបាច់ទេ អ្នកខេត្តព្រះសីហនុ មិនចាំបាច់បាញ់កាំភ្លើងទេ»

សម្ដេចធិបតីបន្ដថា កាលណាក្លឹបបាញ់ភ្លើងឯកជនបើកដំណើរ ត្រូវទិញកាំភ្លើង និងទិញគ្រាប់ ដូច្នេះមិនចាំបាច់ឲ្យមានទៀតឡើយ ទុកឲ្យរដ្ឋមានទីតាំងបាញ់កាំភ្លើងរបស់កងទ័ពនៅសមុទ្ររាមមានដំណើរការ សម្រាប់កងទ័ព និងប៉ូលីសបានហើយ ដោយមិនចាំបាច់ធ្វើអាជីវកម្មឯកជនទេ។

សម្ដេចនាយករដ្ឋមន្ដ្រីថា សម្តេចនឹងចេញសារាចរណែនាំថ្មី ស្តីពីការមិនអនុញ្ញាតឲ្យបើកទីលានបាញ់កាំភ្លើងថ្មីបន្ថែមទៀតទេ នៅទូទាំងប្រទេសតែម្ដង៕

To Top