ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ នឹងចូលរួមវេទិកាថ្នាក់រដ្ឋមន្រ្តីអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អឺរ៉ុប លើកទី២៤ នៅព្រុចសែល

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ ចាប់ពីថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៣១ មករា បានឲ្យដឹងថា ការអញ្ជើញចូលរួមនេះ តបតាមការអញ្ជើញរបស់លោក ចូសិប បូររែល ហ្វូនតេល (Josep BORRELL FONTELLES) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជា អនុប្រធានគណៈកម្មការអឺរ៉ុប ។

ក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ លើប្រធានបទស្តីពីវិបុលភាពរួមគ្នា ភាពធន់នៃសេដ្ឋកិច្ច និងការវិនិយោគ ក្នុងគោលបំណងពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងតំបន់ទាំងពីរ ព្រមទាំងទាញយក អត្ថប្រយោជន៍ពីភាពខ្លាំងរបស់តំបន់ទាំងពីរ ដើម្បីជំរុញសន្ទុះកំណើនថ្មីប្រកបដោយបរិយាប័ន្ន និងការ អភិវឌ្ឍដោយចីរភាព។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ នឹងត្រូវដឹកនាំដោយសហប្រធាន ចំនួនពីរគឺ សាធារណរដ្ឋហ្វីលីពីន ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប និងសហភាពអឺរ៉ុប។

រដ្ឋមន្ត្រីការបរទេសអាស៊ាននិងសហភាពអឺរ៉ុប នឹងធ្វើការតាមដានលើការ សម្រេចចិត្តរបស់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ និងពិនិត្យលើវឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប (ឆ្នាំ២០២៣-២០២៧)។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសក៏នឹងផ្លាស់ប្តូរយោបល់ស្តីពីទិសដៅអនាគត ព្រមទាំងបញ្ហាតំបន់ និង អន្តរជាតិ ដែលជាក្ដីបារម្ភ និងផលប្រយោជន៍រួម ដើម្បីពន្លឿនភាពជាដៃគូយុទ្ធសាស្ត្រអាសិរន្ត សហភាព អឺរ៉ុប និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជន និងតំបន់ទាំងពីរ ។

ក្នុងអំឡុងពេលនៃការស្នាក់នៅទីក្រុងព្រុចសែល លោកឧបនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគី ដាច់ដោយឡែកជាមួយសមភាគីមកពីប្រទេសសមាជិកសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ៕

To Top