ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ៖ ក្នុងករណីចាញ់បោកឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា ពលរដ្ឋត្រូវផ្ដល់ព័ត៌មានឲ្យបានលឿន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានឲ្យបានលឿន និងទាន់ពេលវេលា ក្នុងករណីចាញ់បោកក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា មកកាន់ក្រុមការងារ Hotline Scam ដែលមានមន្រ្តីជំនាញប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ឬឆាតទៅ Facebook ផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងកិច្ចប្រជុំជាមួយក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ ដើម្បីពង្រឹងសុវត្ថិភាពទប់ស្កាត់បទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់ នាព្រឹកថ្ងៃទី៣១ មករា នាយឧត្តមសេនីយ៍ ស ថេត គូសបញ្ជាក់ថា ក្នុងយុគសម័យទំនើបនេះ ប្រជាពលរដ្ឋជាច្រើនបានធ្លាក់ក្នុងអន្ទាក់របស់ក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះហើយអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតក្រុមការងារនេះឡើង ដោយបន្ថែមលើយន្ដការដែលមានស្រាប់ដើម្បីជួយដល់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ក៏បានស្នើសុំការគាំទ្របន្ថែមពីសំណាក់វិស័យឯកជន ពិសេសធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដោយត្រូវសហការឲ្យបានល្អជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសក្រុមការងារ Hotline Scam 24h/7 ដើម្បីជួយអន្ដរាគមន៍បានទាន់ពេលវេលានៅពេលមានហេតុការណ៍កើតឡើង និងដើម្បីធានាដល់ប្រសិទ្ធភាពនៃការបង្ក្រាប។

នាយឧត្តមសេនីយ៍ បានមើលឃើញថា បច្ចុប្បន្ននេះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានកើតឡើងស្ទើរាល់ថ្ងៃ ពិសេសកើតឡើងនៅតាមមូលដ្ឋាន ហើយនៅពេលមានបទល្មើសកើតឡើង ប្រជាពលរដ្ឋមានការលំបាកក្នុងការមកដាក់ពាក្យបណ្ដឹង។ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតក្រុមការងារនេះឡើង និងងាយស្រួលឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញ។

នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា «នៅក្នុងយុគសម័យថ្មីនេះ ការរងនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទោះបីជាមិនមែនបទល្មើសប្រពៃណី ប៉ុន្ដែឈានទៅដល់ការបោកប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ដូច្នេះវិស័យធនាគារ ត្រូវសហការគ្នាជាមួយក្រុមការងារអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបង្ការ ទប់ស្កាត់រាល់បទល្មើសទាំងអស់នេះ»។

សូមបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចបង្កើតឲ្យមានក្រុមការងារ Hotline Scam 24/7 ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលរងគ្រោះពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចដាក់បណ្តឹងអនឡាញ មកកាន់មន្រ្តីជំនាញបានទាន់ពេលវេលា និងឆាប់រហ័ស។ ក្នុងករណីប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមចូលទៅកាន់តំណភ្ជាប់ hotline.police.gov.kh ឬឆាតទៅផេកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈ https://www.facebook.com/cambodiapolice

To Top