ព័ត៌មានជាតិ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារទទួលបានអ្នក មកចុះឈ្មោះស្វែងរកការងារជិត៤ម៉ឺននាក់ ក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ ពេញមួយឆ្នាំ២០២៣ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់លើកិច្ចការស្វែងរកឱកាសការងារជូនពលរដ្ឋកម្ពុជា ក្នុងនោះក្រសួងទទួលបានអ្នកមកចុះឈ្មោះស្វែងរកការងារមានចំនួន ៣០ ៨៩៧នាក់។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

បើតាមអ្នកនាំពាក្យ ក្នុងនោះដែរទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏បានផ្គូរផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅឱ្យនិយោជកចំនួន ២៩ ៥៩០នាក់ និងជួយអ្នកស្វែងរកការងារទទួលបានការងារធ្វើបានចំនួន ៦៥៤៧នាក់ក្នុងឆ្នាំ២០២៣ផងដែរ។

លោកបានគួសបញ្ជាក់ផងដែរថាទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំកម្មវិធីជាច្រើនដើម្បីផ្តល់ព័ត៌មានអំពីឱកាសការងារទៅដល់ពលរដ្ឋក្នុងនោះដែរមានទាំងពិព័រណ៍ការងារដែលមានស្តង់ក្រុមហ៊ុនសម្រាប់ដាក់បង្ហាញឱកាសការងារជូនសាធារណជន ថែមទាំងមានកម្មវិធីពិព័រណ៍ការងារចល័ត រៀបចំសិក្ខាសាលាស្តីពីការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់សិស្សនិស្សិតនៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសាកលវិទ្យាល័យផងដែរ។

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៣៤ ៧១៣ កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបី ក្នុងរាជធានី-ខេត្តចំនួន ១០ សម្រាប់សាធារណជនងាយស្រួលជ្រើសរើសចូលបម្រើការងារ តាមជំនាញដែលខ្លួនមាន ដូចជា វិស័យឧស្សាហកម្ម ចំនួន ១៩ ៧៧១កន្លែង វិស័យកសិកម្ម ចំនួន ១០ ៨៨៦កន្លែង វិស័យសេវាកម្ម ចំនួន ៤ ០៥៦កន្លែង ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ធ្វើការទំនាក់ទំនងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 077 23 23 78 ឬ 1297 សម្រាប់ព័ត៌មានបន្ថែម ដើម្បីទទួលបានឱកាសការងារសមរម្យ និងព័ត៌មានទីផ្សារការងារ ៕

To Top