រ៉ាមសារ-ព្រែកទាល់, បាត់ដំបង-សៀមរាប៖ ក្នុងកិច្ចប្រឹងប្រែងជាសាកល តំបន់និងទ្វេភាគី ប្រមុខការទូតសហភាពអឺរ៉ុប និងអាឡឺម៉ង់ប្រចាំកម្ពុជា បានការប្តេជ្ញាចិត្តរួមគ្នា ក្នុងបន្តជួយជ្រោមជ្រែងកម្ពុជា លើកិច្ចការអភិរក្សបរិស្ថាន និងជីវៈចម្រុះ នៅបឹងទន្លេសាប។
ក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយពីចុះបេសកកម្ម នៅបឹងទន្លេសាប នាល្ងាចថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ លោក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Igor Driesmans បានថ្លែងថា ដំណើរទស្សនកិច្ចថ្ងៃនេះ ទៅកាន់តំបន់បម្រុងជីវចម្រុះបឹងទន្លេសាប គឺជាសក្ខីភាពមួយចំពោះការចូលរួមយ៉ាងសកម្មរបស់យើងក្នុងការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងការគាំទ្រសហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជា។ រួមគ្នាជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលក្នុងការអនុវត្តគម្រោងផ្សេងៗ រដ្ឋសមាជិក និងរដ្ឋាភិបាលកម្ពុជា សកម្មភាពរួមរបស់យើងមានគោលបំណងធានាដល់ប្រព័ន្ធអេកូឡូស៊ី សហគមន៍ និងជីវចម្រុះដែលធន់ទ្រាំនឹងការប្រែប្រួលបរិស្ថានយ៉ាងឆាប់រហ័សនៅក្នុងតំបន់បម្រុងជីវមណ្ឌលបឹងទន្លេសាប»។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Stefan Messerer បានលើកឡើងថា “ប្រទេសអាល្លឺម៉ង់បានផ្តល់មូលនិធិយ៉ាងច្រើន ដើម្បីកែលម្អការបង្កើតប្រាក់ចំណូលរបស់សហគមន៍មូលដ្ឋាននៅតំបន់រ៉ាមសារ ព្រែកទាល់ និងស្ទឹងត្រែង។ នេះមានសារៈសំខាន់ដើម្បីការពារជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីតាមដងទន្លេមេគង្គ។ ខ្ញុំគិតថាគម្រោងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែនទាំងអស់ដែលគាំទ្រដោយគណៈកម្មការទន្លេមេគង្គ (MRC) គឺមានសារៈសំខាន់ដែលជិតមកដល់។ MRC ក៏គាំទ្រគម្រោងឆ្លងដែនជាមួយប្រទេសថៃ និងឡាវសម្រាប់ការគ្រប់គ្រងគ្រោះរាំងស្ងួតឱ្យកាន់តែប្រសើរឡើង រួមទាំងធាតុផ្សំ សម្រាប់តាមដានការបំពុលប្លាស្ទិកនៅក្នុងអាងទន្លេមេគង្គក្រោម។ សកម្មភាពទាំងនេះត្រូវបានគាំទ្រដោយប្រទេសអាឡឺម៉ង់ផងដែរ”។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណចំពោះលោកទូតសហភាពអឺរ៉ុប និងអាឡឺម៉ង់ ក៏ដូចជាប្រតិភូ ដែលតែងជួយកម្ពុជា លើកិច្ចការបរិស្ថាននិងជីវៈជម្រុះ និយាយដោយឡែកនៅបឹងទន្លេសាប។


ជាផ្នែកមួយនៃយុទ្ធនាការ #ForOurPlanet ជាសាកលរបស់សហភាពអឺរ៉ុប ដើម្បីលើកកម្ពស់និរន្តរភាពបរិស្ថាន គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមជាមួយស្ថានទូតនៃប្រទេសសមាជិកសហភាពអឺរ៉ុប (អាល្លឺម៉ង់ បារាំង ហុងគ្រី) បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ បឹងទន្លេសាប ជីវចម្រុះ ថ្ងៃទី ៣០-៣១ មករា៕
ដោយ៖ សយ សុភា




