ព័ត៌មានជាតិ

មេសង្គមស៊ីវិលម្នាក់ អះអាងថា អាជ្ញាធរឃុំត្រពាំងស្តៅ រំលោភបំពានសិទ្ធិ លំនៅដ្ឋាន របស់ខ្លួន

" "

ភ្នំពេញ៖ ប្រធានសមាគមអភិវឌ្ឍន៍ជីវភាព ពលរដ្ឋកម្ពុជាលោក ព្រុំ ប៊ុនថន ដែលបច្ចុប្បន្នត្រូវបានគេមើលឃើញថា បាននិងកំពុងធ្វើការងារយ៉ាងសកម្មលើកិច្ចការងារការពារសិទ្ធិការងារ សិទ្ធិមនុស្ស និងវិស័យកសិកម្ម ត្រូវបានអាជ្ញាធរ ឃុំត្រពាំងស្តៅស្រុករមាសហែក ខេត្តស្វាយរៀង រំលោភបំពានសិទ្ធិលំនៅដ្ឋាន របស់លោក ដែលកំពុងរស់នៅសព្វថ្ងៃ និងជាដីកេរ្ដិ៍តាំងពីដូនតាមក។

លោកបានសរសេររៀបរាប់នៅលើទំព័រហ្វេកប៊ុកផ្លូវការរបស់លោកទាំងការឈឺចាប់ ចំពោះទង្វើរបស់អាជ្ញាធរឃុំត្រពាំងស្តៅស្រុករមាសហែក ដែលតែងតែរំលោភបំពានសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លីលំនៅដ្ឋានម្តងហើយម្តងទៀតមកលើក្រុមគ្រូសាររបស់លោក ដែលបាននិងកំពុងរស់នៅអាស្រ័យផលលើដីកេរ្តិ៍ដូនតាតកូនតចៅរហូតមកដល់បច្ចុប្បន្ននេះ។

" "

អាជ្ញាធរ ឃុំត្រពាំងស្តៅស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះបានហាមឃាត់មិនឲ្យគ្រួសាររបស់លោក ព្រុំ ប៊ុនថន ចាត់ចែង និងប្រើប្រាស់ផលដំណាំ ដែលមាននៅលើដីកេរ្ដិ៍ដូនតារបស់លោកនោះឡើយ។

" "

វាមិនខុសគ្នាទៅនឹងគ្រួសាររបស់លោក ព្រុំ ប៊ុនថន នោះទេ ដោយមានប្រជាពលរដ្ឋរស់ជាច្រើនគ្រួសារទៀត ដែលកំពុងរស់នៅក្នុងមូលដ្ឋានឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលត្រូវបានអាជ្ញាធរមូលដ្ឋាន ចេញមុខហាមឃាត់ការប្រើប្រាស់ កាន់កាប់ និងចាត់ចែងដីកេរ្ដិ៍ដូនតារបស់ពួកគាត់ ជាពិសេសការប្រើប្រាស់តួនាទី ដើម្បីយកដីប្រជាពលរដ្ឋស្លូតត្រង់ទៅលក់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្នុងករណីនេះដែរ លោក ព្រុំ ប៊ុនថន បានស្នើដល់អភិបាលនៃគណៈអភិបាលខេត្ដស្វាយ ធ្វើយ៉ាងណាជួយពិនិត្យមើលករណីមិនប្រក្រតីមួយនេះ ដែលកើតឡើងស្ទើតែរ៉ាំរ៉ៃទៅហើយ ដោយអាជ្ញាធរឃុំព្រពាំងស្ដៅ ស្រុករមាសហែក តែងតែធ្វើទុក្ខបុកម្នេញលើគ្រួសាររបស់លោក ក៏ដូចជាគ្រួសារដទៃទៀត ដែលរងភាពអយុត្ដិធម៌ដូចគ្នាដែរ៕

To Top