ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុនអន្តរជាតិចំនួនពីរ ដែលកំពុងពង្រីករោងចក្រ និងផ្តល់ការងាររាប់ម៉ឺនកន្លែង ដល់ពលរដ្ឋកម្ពុជា ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក កែវ រតនៈ បានឱ្យដឹងថា ក្រុមហ៊ុនអាល្លឺម៉ង់ Adidas AG បានផ្តល់ការងារឱ្យកម្ពុជាប្រមាណ ៤២ ០០០នាក់ ក្នុងចំណោមនិយោជិត សរុបរបស់ខ្លួនជាង ៦០ ០០០នាក់ ក្នុងពិភពលោក។
ដោយឡែក ក្រុមហ៊ុន កែច្នៃគ្រាប់ស្វាយចន្ទីជប៉ុន កំពុងឈានទៅពង្រីករោងចក្រ នៅកម្ពុជាទាំងការយកគ្រាប់ ការចម្រាញ់ប្រេងនិងការយកសំបក និងកាកសំណល់ធ្វើផលិតផលថាមពល ជីវម៉ាស សម្រាប់នាំចេញទៅទីផ្សារជប៉ុន។

លោក កែវ រតនៈ គូសបញ្ជាក់ថា «ប្រភពថាមពលស្អាតលើស ៥០% និងស្ថិរភាពនយោបាយនៅកម្ពុជា គឺជាប្រភពនៃការទាក់ទាញធំ សម្រាប់ក្រុមហ៊ុនទាំង២»។
