ភ្នំពេញ ៖ លោកឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឆ្លើយតបតាមទិដ្ឋភាពច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងក្រមសីលធម៌មន្ត្រីប្រតិបត្តិច្បាប់ ទៅសាធារណជនចំពោះការឃាត់ខ្លួន មន្រ្តីប៉េអឹមម្នាក់ដែលបានបាញ់សម្លាប់សត្វកុក មិនមែនធ្វើឡើងតាមអារម្មណ៍ ឬក៏មានការបញ្ចេញនានា នៅតាមបណ្តាញសង្គមនោះទេ គឺអនុវត្តទៅតាមផ្លូវច្បាប់។
ការបំភ្លឺរបស់លោកនេះ ក្រោយនៅតែមានការបញ្ចេញយោបល់លើ ឈ្មោះ កង សុផាណារ័ត្ន ឋានន្តរសក្តិអនុសេនីយ៍ត្រី មុខងារជំនួយការកងរាជអាវុធហត្ថស្រុកចិត្របុរី បាញ់សត្វកុកកាលពីថ្ងៃ៣០ មករា ខណៈរូបគេត្រូវបានឃាត់ខ្លួន ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តក្រចេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃ៣១ មករា ហើយត្រូវបានលោក អេង ហ៊ី ផ្សាយជាសាធារណនាថ្ងៃ១ កុម្ភៈនេះ បានឲ្យដឹងថា រដ្ឋបាលព្រៃឈើមានសមត្ថកិច្ច ជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទល្មើសព្រៃឈើ និងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដូចមានចែងក្នុងមាត្រា៧៦ នៃច្បាប់ស្តីពីព្រៃឈើ។
លោក អេង ហ៊ី បានលើកឡើងក្នុងលិខិតថា “ការឃាត់ខ្លួនឈ្មោះ កង សុផាណារ័ត្ន ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ គឺកងរាជអាវុធហត្ថអនុវត្តទៅតាមនីតិវិធី ដែលមានចែងក្នុងច្បាប់និងក្រមនីតិវិធីព្រហ្មទណ្ឌ មិនមែនធ្វើតាមអារម្មណ៍ ឬធ្វើតាមការបញ្ចេញមតិ ក្នុងប្រព័ន្ធព័ត៌មានសង្គម ឬខ្លាចដោយមិនមានការទទួលខុសត្រូវនោះទេ” ។
លោកថា ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ត្រូវតែជាគំរូក្នុងការគោរពច្បាប់ បើប្រព្រឹត្តអំពើល្មើស ត្រូវតែអនុវត្តតាមច្បាប់។
ជាមួយគ្នានេះដែរ លោកបន្តថា យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវបានអប់រំបណ្ដុះបណ្តាល ហ្វឹកហ្វឺន ជាពិសេសការអប់រំចិត្តសាស្ត្រជាប្រចាំ ឲ្យគោរពច្បាប់ គោរពវិន័យកងទ័ព ប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ “កុំថាឡើយបាញ់សត្វកុក សូម្បីតែសត្វចាបក៏មិនត្រូវបាញ់ទេ ព្រោះយើងជាមន្ត្រីប្រតិបត្តិច្បាប់” ៕