ព័ត៌មានជាតិ

ថ្នាលផ្ទៀងផ្ទាត់ ឯកសាររបស់កម្ពុជា ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានឱ្យដឹងថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ «ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh» អភិវឌ្ឍដោយ ក.ប.ទ បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting)។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក.ប.ទ. នាថ្ងៃទី១ កុម្ភៈ នេះ ឱ្យ​ដឹង​ថា កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន រួមមាន៖ សាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌាសហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។

ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នេះ ប្រទេសសមាជិកអាស៊ានទាំង១០ បានសម្រិតសម្រាំងផលិតផលឌីជីថល សេវា និងកម្មវិធី (Digital Products, Services and Programs) ល្អៗចំនួន១២៥ មកដាក់ពាក្យប្រកួតប្រជែង។ ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក «ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh» ជាបេក្ខភាពតំណាងរបស់កម្ពុជាដែលឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ។

បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពចុងក្រោយទាំងអស់ «ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh» បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថល ក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤។

នាឱកាសនោះ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក.ប.ទ. និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានថ្លែងដោយមោទនភាពថា នេះជាលើកទី១ ដែលកម្ពុជាបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយឌីជីថល ក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ហើយជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំបង្កើតដំណោះស្រាយឌីជីថលរបស់ ក.ប.ទ. និង គ.រ.ឌ. ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដែលសមិទ្ធផលនេះមានការទទួលស្គាល់មិនត្រឹមតែក្នុងក្របខណ្ឌកម្ពុជាទេ តែពេលនេះ ក៏ត្រូវបានទទួលស្គាល់ថាជាដំណោះស្រាយឌីជីថលល្អបំផុតក្នុងកម្រិតអន្តរជាតិផងដែរ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ជោគជ័យនេះបង្ហាញឱ្យកាន់តែច្បាស់ថា «ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh» មិនត្រឹមតែពង្រីកវិសាលភាពការប្រើប្រាស់នៅក្នុងកម្ពុជាទេ ថែមទាំងអាចប្រើប្រាស់ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររួមរបស់ប្រទេសសមាជិកអាស៊ាន ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្មនិងឯកសារផ្លូវការរបស់បណ្តាប្រទេសក្នុងតំបន់បានដោយមិនតម្រូវឱ្យមានឯកសារច្បាប់ដើម ឬការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

តាមរយៈកិច្ចខិតខំរួមគ្នានេះ ប្រទេសសមាជិកអាស៊ាន នឹងសម្រេចបានគោលដៅរួមក្នុងការទាញយកសក្ដានុពលជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ហើយ ក.ប.ទ. ប្ដេជ្ញាចូលរួមយ៉ាងមុតមាំក្នុងដំណើរការនេះ។

សូមបញ្ជាក់ថា ពានរង្វាន់ឌីជីថលអាស៊ាន ត្រូវបានបែងចែកជា៦ផ្នែក មានដូចជា ១) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ២) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន ៣) ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល ៤) ដំណោះស្រាយសម្រាប់មាតិកាឌីជីថល ៥) ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និង៦) ដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។ ក្នុងការប្រកួតប្រជែង ពានរង្វាន់ឌីជីថលអាស៊ាន ផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ានឆ្នាំ២០២៤ នេះ “ប្រព័ន្ធសុខាភិបាលឌីជីថល” របស់ព្រះរាជាណាចក្រថៃទទួលបានមេដាយប្រាក់ ហើយ “ប្រព័ន្ធសំបុត្រកំណើតនិងសំបុត្រមរណភាព” របស់ប្រទេសសិង្ហបុរីទទួលបានមេដាយសំរឹទ្ធ៕

To Top