ភ្នំពេញ៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលហៅកាត់ថា NTTI នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជូនសិក្ខាកាមC1 ចំនួន២៤នាក់ សិក្សាជំនាញផ្នែកអគ្គិសនី ចុះអនុវត្តផ្ទាល់នៅការដ្ឋាន ដើម្បីផ្សាភ្ជាប់ទ្រឹស្តីដែលសិស្សសិក្ខាកាម ទើបបានសិក្សានិងអនុវត្តក្នុងរោងជាងរួច ទៅនឹងការអនុវត្តជាក់ស្តែង នៅការដ្ឋាន។
លោកឯក ផាន់ណារ៉ាន់ នាយករងវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស បានបញ្ជាក់ថា ការបញ្ជូនសិក្ខាកាមចុះអនុវត្តការងារ ផ្ទាល់ចំនួន៣ថ្ងៃនេះ មិនទាន់គ្រប់គ្រាន់ឱ្យសិស្សចេះសព្វគ្រប់ លើជំនាញអគ្គិសនីនេះទេ ប៉ុន្តែពួកគាត់បានយល់ច្បាស់ ទៅលើផ្នែកមួយចំនួន។
លោកឯក ផាន់ណារ៉ាន់ បានបន្តថា សិក្ខាកាមមិនមែនកំណត់ត្រឹមតែ៣ថ្ងៃនេះទេ គឺនៅមានវគ្គចុះអនុវត្តផ្ទាល់ ជាបន្តបន្ទាប់ទៀតផងដែរ។
លោកជឹម គុណ មេការអគ្គិសនី ជាអ្នកដឹកនាំសិក្ខាកាមទាំង ២៤នាក់ បានបញ្ជាក់ថា ក្នុងការចុះអនុវត្តការងារផ្ទាល់ រយៈពេល៣ថ្ងៃនេះ លោកសង្កេតឃើញថា សិក្ខាកាមបានខិតខំបំពេញ ការងារយ៉ាងយកចិត្តទុកដាក់ និងមានការយល់ដឹងច្រើនពាក់ព័ន្ធនឹង ការមើលប្លង់ជាដើម។
គួរបញ្ជាក់ថា សិក្ខាកាមទាំង២៤នាក់ ដែលសិក្សាជំនាញអគ្គិសនីនេះ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមការសង្កេត គ្រប់សិក្ខាកាមដែលបានចុះឈ្មោះ សិក្សាតាមរយៈកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ សុទ្ធតែបានបង្ហាញភាពរីករាយ និងពេញចិត្តយ៉ាងខ្លាំង ដែលខ្លួនបានរៀនលើជំនាញមួយច្បាស់លាស់ ងាយស្រួលស្វែងរកការងារធ្វើក្រោយរៀនចប់ ៕