ព័ត៌មានជាតិ

ទីបំផុត! ជើងមាន់ ៤កុងតឺន័រ ចាប់បាននៅខេត្តស្វាយរៀង នឹងត្រូវកម្ទេចចោល (Video)

ភ្នំពេញ៖ នៅទីបំផុត ជើងមាន់បង្កក ចំនួន៤កុងតឺន័រ ដែលសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ចាប់បាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះត្រូវបានមន្រ្តីជំនាញ ត្រៀមកម្ទេចចោល នៅទីលានចាក់សំរាម ក្នុងក្រុងស្វាយរៀង។

សូមរំលឹកថា ជើងមាន់បង្កកចំនួន ៤កុងតឺន័រនេះ គឺត្រូវបានធ្លាយចេញពី ច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង និងត្រូវបានឃាត់ដោយ កងកម្លាំងកងរា​ជអាវុធត្ថខេត្ត ដោយមានការសម្របសម្រួល ពីលោក លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។

ក្រោយធ្វើការឃាត់និងឆែកពិនិត្យរួចរាល់ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សាខាខេត្តស្វាយរៀង បានអះអាងថា ជាប្រភេទជើងមាន់ក្លាសេ្ស ដែលគ្មានសារធាតុគីមី។

ក្រៅពីនេះ តាមការអះអាង របស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះ គឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរ កុងទីន័រនៅចំណុចសូន្យ ចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅមាត់ច្រកដូង។ ទំនិញទាំងនេះជា របស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត។ 

បន្ថែមលើសពីនេះ លោកហេង សំបូរ ប្រធានសាខាគយរដ្ឋាករ ខេត្តស្វាយរៀងបានបញ្ជាក់ថា ទំនិញជើងមាន់ទាំងនេះ គឺជាទំនិញដឹកឆ្លងកាត់ហើយ និងនាំចេញទៅប្រទេសវៀតណាម វិញផងដែរ។

ប៉ុន្តែអ្វីដែលជាចំណោទ ត្រូវបានមហាជន ដាក់ចេញជាសំនួរថា បើគ្មានការឃាត់និងឆែកឆេរ លើរថយន្ដកុងតឺន័រ ដែលគ្មានឯកសារគ្រប់គ្រាន់នោះទេ តើពិតទេថា ជើងមាន់ទាំងនោះ គ្រាន់តែជាទំនិញឆ្លងកាត់ ប្រទេសកម្ពុជា ចូលទៅទឹកដីនៃប្រទសវៀតណាម វិញ៕

To Top