ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំនៅកម្ពុជា និងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា រៀបចំពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២៤ ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការតភ្ជាប់រវាងបេះដូងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ប្រកបដោយភាពស្និទ្ធស្នាល ។

ថ្លែងក្នុងពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៤កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈឆ្នាំ ២០២៤ នៅសួនកម្សាន្តកោះពេជ្រ លោកបណ្ឌិតយង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា ក្នុងអំឡុង នៃពិធីបុណ្យចូលឆ្នាំចិន យើងឃើញគោមក្រហមតូចធំ ភ្ជួតាមដងផ្លូវ គេហដ្ឋាននានា ហើយប្រជាជន ប្រទេសយើងទាំងពីរជួបជុំអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ជាមួយគ្នាប្រកបដោយភាពសោមនស្ស សប្បាយរីករាយ ។

លោកសង្ឃឹមជឿជាក់ថា ឆ្លងកាត់ការរៀបចំកម្មវិធីវប្បធម៌ ជាបន្តបន្ទាប់នេះ នឹងធ្វើឱ្យប្រជាជនកម្ពុជាចិន កាន់តែយល់គ្នាថែមមួយកម្រិតទៀត ដើម្បីចូលរួមចំណែក ធ្វើឱ្យផ្កាមិត្តភាពកម្ពុជាចិន អាចបន្តរីកស្គុសស្គាយតទៅមុខទៀត និងធ្វើយ៉ាងណា ឱ្យគ្រប់ពូជនៃផ្កាមួយនេះ បន្តសាបព្រោះបណ្តុះដាំ ពីមួយជំនាន់ទៅមួយជំនាន់តរៀងទៅ ។

លោកបណ្ឌិតលើកឡើងដូច្នេះថា៖ «វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មិនត្រឹមតែជាមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាចិនប៉ុណ្ណោះទេ តែក៏ជាកន្លែងផ្លាស់ប្ដូរប្រជាជន និងប្រជាជនដូចរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរបានប្រកាសដាក់ចេញផងដែរ។ កម្មវិធីអបអរសាទរបុណ្យ ចូលឆ្នាំចិន ដែលរៀបចំឡើងដោយលោកគ្រូ អ្នកគ្រូសិស្សនិស្សិតកម្ពុជាចិន នៅពេលនេះ គឺបានបង្ហាញភាពស៊ីជម្រៅ នៃមិត្តភាពកម្ពុជាចិន។ ហើយនៅថ្ងៃទី៤ ខែមេសា ខាងមុខនេះ យើងក៏នឹងរៀបពិធីបុណ្យ ចូលឆ្នាំខ្មែរវិញម្ដង នៅបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីផ្លាស់ប្តូរវប្បធម៌គ្នាឱ្យកាន់តែស៊ីជម្រៅថែមទៀត ។ ការផ្លាស់ប្ដូរនេះគឺការធ្វើទ្វេ ទិសគឺមិនធ្វើតែម្ខាងទេ។»

លោកChang Jian អគ្គទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា មានប្រសាសន៍ថា ការរៀបចំពិធីអបអរបុណ្យ ចូលឆ្នាំចិននេះគឺជាការបង្ហាញ ការយកចិត្តទុកដាក់យ៉ាងខ្លាំង នៃកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរ ប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ ។ ភាគីចិននឹងអនុវត្តន៍ ឱ្យកាន់តែសកម្ម នូវកិច្ចសហប្រតិបត្តិការផ្សេងៗ ជាមួយកម្ពុជាក្រោមក្របខណ្ឌ នៃឆ្នាំផ្លាស់ប្ដូរប្រជាជន និងជាជនកម្ពុជាចិន។

លោកបញ្ជាក់ថា ជាបន្តបន្ទាប់ចិន នឹងចូលរួមសហការជាមួយកម្ពុជាបង្កើត ឱ្យមានកម្មវិធីចម្រុះជាច្រើន ដើម្បីជំរុញទំនាក់ទំនង រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ។ ហើយរួមគ្នាកសាងសហគមន៍កម្ពុជាចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ក្នុងយុគសម័យថ្មី។

សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា , វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ,សភាពាណិជ្ជកម្មចិន នៅកម្ពុជា កាលពីរសៀលថ្ងៃទី២ខែកុម្ភៈនោះ មានរៀបចំឱ្យមានសកម្មភាព ជាច្រើនដូចជា ៖ ការតាំងពិព័រណ៍សិប្បកម្មចិន , ការសម្តែងរបាំប្រជាប្រិយ ,ការតាំងពិព័រណ៌ម្ហូបអាហារ និងការលេងល្បែងកម្សាន្តជាដើម ៕ អត្ថបទ ដោយវិទ្យុ មិត្តភាពកម្ពុជាចិន



