ព័ត៌មានជាតិ

សម្តេចធិបតី ចាត់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) នាំយកស្ត្រីម្នាក់ មកព្យាបាលបញ្ហាហើមសួត និងបេះដូង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បញ្ជូនស្ត្រីម្នាក់ មកទទួលការព្យាបាល នៅមជ្ឍមណ្ឌលជំងឺបេះដូង និងមនុស្សចាស់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីស្ត្រីម្នាក់នេះ មានអាការៈ ហត់និងញ័រដេីមទ្រូង ជាប្រចាំយូរឆ្នាំ ។

យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី នាថ្ងៃទី៣ ខែកុម្ភៈនេះ បានឲ្យដឹងថា ប្អូនស្រី ភេន ចន្នី អាយុ ៣៦ឆ្នាំ មានអាការៈ ហត់ និងញ័រដេីមទ្រូងជាប្រចាំ អស់រយៈពេលយូរឆ្នាំ ។

ដោយទឹកចិត្តមេត្តាសន្តោសពីសំណាក់ សម្តេចធិបតី និង លោកស្រីបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) បញ្ជូនស្ត្រីម្នាក់នេះ មកទទួលការព្យាបាល នៅមជ្ឍមណ្ឌលជំងឺបេះដូង និងមនុស្សចាស់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ក្រោយពីទទួលបាន ការពិនិត្យក្រុមគ្រូពេទ្យឯកទេសបេះដូងរកឃើញថា ស្ត្រីខាងលើមានបញ្ហាហើមសួត និងបេះដូង ដើរខុសចង្វាក់ធ្ងន់ធ្ងរ (Acute pulmonary edema and Atrial Fibrillation) ។

បន្ទាប់ពីទទួលបានការព្យាបាល បច្ចុប្បន្នស្ត្រីរូបនេះ បានធូរស្បើយ និងមានសុខភាពរឹងមាំ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងការគោរពអរគុណសម្តេចធិបតី និងលោកស្រីបណ្ឌិត ជាអនេក ។

សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ស្នាក់នៅ និងថ្លៃអាហារ ត្រូវបានឧបត្ថម្ភទំនុកបម្រុង ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕

To Top