ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ជួយដល់ទារិកាម្នាក់ មកពីខេត្តកំពត ដេីម្បីទទួលការព្យាបាលនៅភ្នំពេញ ខណៈទារិការូបនេះ មានអាការមិនប្រក្រតី នៃក្រអូបមាត់ ប្រឈមដល់ការលូតលាស់ធ្ងន់ធ្ងរ ។
យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី នាថ្ងៃទី៤ ខែកុម្ភៈនេះ បានឲ្យដឹងថា ទារិកា លី ធីតា អាយុ ២ខែ មកពីភូមិដំរីកូន ឃុំជម្ពូវន្ត័ ស្រុកជុំគិរី ខេត្តកំពត មានអាការមិនប្រក្រតី នៃក្រអូបមាត់ ដែលធ្វើឱ្យពិបាកបៅ ហើយឈ្លក់ ដែលប្រឈមនឹងការប៉ះពាល់ ដល់ការលូតលាស់ធ្ងន់ធ្ងរ ។
ដោយទឹកចិត្តមេត្តាសន្តោស ពីសំណាក់សម្តេចធិបតី និង លោកស្រីបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) បញ្ជូនទារិកា មកទទួលការព្យាបាលមន្ទីរពេទ្យកុមារជាតិ ។ ក្រោយពីទទួលការពិនិត្យ ក្រុមគ្រូពេទ្យជំនាញ សហការជាមួយអង្គការ Smile Cambodia បានរៀបចំដបទឹកដោះគោ លក្ខណៈពិសេស សម្រាប់តម្រូវក្រអូមមាត់ ហើយបានយកចិត្តទុកដាក់ បន្តតាមដានការលូតលាស់សរីរាង្គជាប់ជាប្រចាំ រហូតដល់ក្មួយស្រីមានអាយុ៩ខែ នឹងរៀបចំផែនការធ្វើការវះកាត់ជូនគាត់ ។
ទឹកចិត្តដ៏ថ្លៃថ្លានេះ ធ្វើឱ្យក្រុមគ្រួសាររបស់ប្អូនស្រី មានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណ ជូនចំពោះ សម្តេចធិបតី និងលោកស្រីបណ្ឌិត ជាអនេក ។
សូមរំលឹកថា រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានឧបត្ថម្ភទំនុកបម្រុង ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
សូមបញ្ជាក់ថា ក្មួយស្រី មកតាមរយ: ការចុះពិនិត្យ និងព្យាបាលជំងឺ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យខ្ជាយ ភូមិព្រៃខ្ជាយ ឃុំស្នាតអញ្ឆិត ស្រុកជុំគិរី ខេត្តកំពត កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ៕