ព័ត៌មានជាតិ

ប្រធាន គណបក្សកាន់អំណាច បញ្ជាឱ្យមេធាវីសិក្សា ប្តឹង លោក សឹង សែនករុណា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាឱ្យមេធាវីសិក្សា ដើម្បីប្តឹង លោក សឹង សែនករុណា អនុប្រធានសមាគម​ ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ពាក់ព័ន្ធនឹងករណី ប្រមាថគណបក្សប្រជាជនកម្ពុជា ។

ភ្ជាប់ជាមួយករណី លោក សុន​ ឆ័យ នៅលើបណ្តាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន  បានលើកឡើងថា «សូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងមនុស្សម្នាក់នេះទៀត ប្រសិនមានមូលដ្ឋាន គ្រប់គ្រាន់ខាងផ្លូវច្បាប់។ គ្មានការយោគយល់ណាស ម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារ មកលើគណបក្សប្រជាជន ឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ ដល់យើងដែរឬទេ?»។

សម្តេចគួសបញ្ជាក់ថា«ក្នុងការចុះផ្សាយក៏មានការនិយាយដោយ សឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្ស សិក្សាផ្លូវច្បាប់ ដើម្បីប្តឹងមនុស្សម្នាក់នេះទៀត ប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ យើងសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនផ្តល់ឱកាសសម្រាប់មនុស្សណាក៏ដោយប្រមាថមើលងាយ គណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៌ សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។ (សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់ខ្ញុំ)»

សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០២២ បានដាក់ពាក្យប្តឹង លោក សុន​ ឆ័យ ម្តងរួចទៅហើយ ពាក់ព័ន្ធនឹងការប្រមាថថា គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប បានលួចសន្លឹកឆ្នោត ។ ពាក់ព័ន្ធនឹងបណ្តឹងនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ក៏បានប្រកាសសាលក្រមផ្ដន្ទាទោស ពិន័យជាប្រាក់ចំនួន ៨លានរៀល ព្រមទាំងបង្គាប់ឱ្យសងសំណងជំងឺចិត្ត ឱ្យដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៣,០០០លានរៀល ៕

To Top