ព័ត៌មានជាតិ

មួយសប្ដាហ៍ចុងក្រោយនេះ នគរបាលជាតិបង្ក្រាបបទល្មើស ព្រហ្មទណ្ឌបាន ៥៤ករណី ឃាត់ខ្លួន៧៦នាក់

ភ្នំពេញ៖ ក្នុងរយៈពេញមួយសប្ដាហ៍កន្លងមកនេះ ពោលចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិ បានប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៅទូទាំងប្រទេសបានចំនួន៥៤ករណី ក្នុងចំណោមករណីព្រហ្មទណ្ឌ ដែលបានកើតឡើងសរុបចំនួន ៦១ករណី។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងថា ក្នុងប្រតិបត្តិការទាំង៥៤ករណីនោះ សមត្ថកិច្ចនគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧៦នាក់ ដោយជនសង្ស័យទាំងនោះ ភាគច្រើនពាក់ព័ន្ធនឹងបទល្មើសហិង្សា ឃាតកម្ម និងបទល្មើសលួច(ឆក់ ប្លន់) ជាដើម។

បើតាមលោក ទូច សុឃៈ ក្នុងបេសកកម្មរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនេះដែរ មួយសប្ដាហ៍មកនេះ កម្លាំងនគរបាលជាតិ ក៏បន្តបង្ក្រាប និងក្រសោបបានជនសង្ស័យ ពាក់ព័ន្ធនឹងករណីក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសព្រៃឈើ និងជនផលជាច្រើនករណីទៀតផងដែរ។

ស្របតាមគន្លងនៃការដឹកនាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញ និងអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។

គោលនយោបាយនេះ បានកំណត់ពីការគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង នៅគ្រប់ភូមិ-ឃុំ-សង្កាត់។

ឈរលើច្បាប់ គោលការណ៍ដឹកនាំ និងគោលនយោបាយខាងលើនេះ ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅអាទិភាព៦ ក្នុងនោះក៏មានការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនេះដែរ និងតែងតែណែនាំយ៉ាងម៉ឺងម៉ាត់ ឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្រ្កាប នូវរាល់បទល្មើសក្នុងសង្គម ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ» ៕

To Top