ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ខណៈលោកនាយករដ្ឋមន្រ្តីថៃ ក៏ធ្លាប់បានបំពេញទស្សនកិច្ចកម្ពុជា កាលពីប៉ុន្មានខែមុន ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៥ កុម្ភៈនេះបានឲ្យដឹងថា អញ្ជើញអមដំណើរសម្តេចធិបតីរួមមាន ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី និងលោកស្រី នឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្តៅចៅយូហូរ ព្រះមហាក្សត្រ ថៃនៅព្រះបរមរាជវាំង។ សម្តេចធិបតី ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរួមមាន ៖ សាស្ត្រាចារ្យ ផនភេត វិឈិតធុល ឆៃ ប្រធានព្រឹទ្ធសភា និងលោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន នឹងជួបពិភាក្សាការងារលើកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីមួយចំនួន។ ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថាបើកនៅក្នុង វេទិកាធុរកិច្ចកម្ពុជា-ថៃ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅថៃនឹងពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕