ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេស រៀបចំគោលនយោបាយជាតិ អភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សា និងប្រមូលធាតុចូល សម្រាប់តាក់តែងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងចូលរួមអនុវត្តយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង ឆ្នាំ២០៥០។


សូមជម្រាបជូនផងដែថា៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ និងអនុក្រឹត្យលេខ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ មានបេសកកម្មចម្បងដែលរាជរដ្ឋាភិបាលប្រគល់ជូន ដើម្បីដឹកនាំ និងគ្រប់គ្រងលើវិស័យអភិវឌ្ឍន៍ជនបទដោយបានកំណត់យក “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” តាមរយៈការអភិវឌ្ឍទី១-ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ, ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣-ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤៖ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដែលផ្ដោតលើការពង្រឹងសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍមូលធនមនុស្សទាំងមន្ដ្រីរាជការ និងប្រជាជនជនបទទូទៅ៕



