ព័ត៌មានជាតិ

សម្តេចធិបតី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលរ៉ាប់រងព្យាបាលជំងឺលោកយាយម្នាក់ ជាអតីតគ្រូបង្រៀន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានទទួលរ៉ាប់រងព្យាបាល ជំងឺអតីតអ្នកគ្រូម្នាក់ទាំងស្រុង ព្រមទាំងផ្តល់នូវថវិកា មួយចំនួនទៀត បន្ទាប់ពីរកឃើញថា លោកយាយមានអាការៈ ឈឺមួយចំហៀងមុខ និងពិបាកបត់ជើងជាប់ជាប្រចាំ ។

យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី នាថ្ងៃទី៥ ខែកុម្ភៈនេះ បានឲ្យដឹងថា “អ្នកជំងឺ ជា គឹមអៀង ភេទស្រីអាយុ៧១ឆ្នាំ មានទីលំនៅក្នុងភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលដែលជា អតីតគ្រូបង្រៀននៅវិទ្យាល័យបាក់ទូក ។ អ្នកគ្រូមានអាការឈឺមួយចំហៀងមុខ និងពិបាកបត់ជើងជាប់ជាប្រចាំ ។ តាមរយៈការថតស៊ីធីស្កែន និងពិនិត្យរាងកាយផ្សេងៗ ឃើញថាអ្នកគ្រូមានរោគវិនិច្ឆ័យស្លោកសាច់ខួរក្បាល និងរលាកសន្លាក់ថ្គាមមុខ ព្រមទាំងជំងឺឫសដូងបាត”។

ដោយទឹកចិត្តមេត្តាសន្តោសប្រោស ប្រណីពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកទាំងទ្វេ បានទទួលរ៉ាប់រងព្យាបាល ជំងឺអ្នកគ្រូទាំងស្រុងព្រមទាំងផ្តល់នូវ ថវិកាមួយចំនួនជូនដល់អ្នកគ្រូផងដែរ ។ ទឹកចិត្តដ៏ថ្លៃថ្លានេះ បានធ្វើឲ្យអ្នកគ្រូមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកស្រីបណ្ឌិត ជាអនេក៕

To Top