ភ្នំពេញ ៖ រយៈពេលពេញមួយឆ្នាំ២០២៣ ក្រុមការងារហ្វេសប៊ុក លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលមតិ យោបល់ សំណូមពរ ឬបញ្ហានានាដែលម្ចាស់គណនីបានខមមិន ឬផ្ញើសារក្នុងគេហទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទាក់ទងទៅនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ចំនួន ១.០៤៧គណនី ក្នុងនោះ បានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ៤៦៧គណនី ព្រមទាំងកំពុងដោះស្រាយ ចំនួន ៤១៩គណនី។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោក ស សុខា នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ទន្ទឹមគ្នានេះ ក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ដែលប្រជាពលរដ្ឋបានផ្ញើមកទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រុមការងារក៏បានជូនជាយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។
ដោយឡែក ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក៏បានបញ្ជាក់ជូនផងដែរអំពីករណីនៅសេសសល់មិនទាន់បានដោះស្រាយក្នុងឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣កន្លងទៅនេះ ដែលមានចំនួន ៤១៩គណនី គឺបាននិងកំពុងបន្តដំណើរការដោះស្រាយ។ ជាមួយគ្នានេះ លោក ស សុខា ក៏សុំការយល់យោគអធ្យាស្រ័យចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយសារតែករណីខ្លះមានភាពស្មុគស្មាញត្រូវទាមទារពេលវេលាក្នុងការដោះស្រាយ៕