ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តអនុវត្តគោលនយោបាយ ដែលមានស្រាប់តាំងពីអាណត្តិមុនៗ ពោលបន្តពីសម្តេចតេជោ ដែលធានាអះអាងថា មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារការអត់ឃ្លាននោះទេ ខណៈជំនួយមិនជួយជាអចិន្ត្រៃយ៍ គឺអន្តរាគមន៍ភាគច្រើន ផ្អែកទៅលើគ្រាមានអាសន្ន និងការលំបាក ។
ការបញ្ជាក់ជំហរ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើង ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសង្គមកិច្ច ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “តាំងពីយើងមិនទាន់ចេញពីប្រទេសក្រីក្រ យើងបានដាក់គោលនយោបាយ ជួយប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល សម្តេចតេជោ តែងប្រកាសនានា មិនអាចឲ្យប្រជាពលរដ្ឋនៅកន្លែងណា ដាច់ពោះស្លាប់ ដោយសារអត់បាយនោះទេ”។
ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា “មានតិចមានច្រើនយើងបេះពីមាត់ពីក ដើម្បីជួយគ្នា ហើយគោលនយោបាយនេះ ត្រូវតែបន្តធ្វើយ៉ាងណា តិចច្រើន មិនអាចឲ្យប្រជាពលរដ្ឋយើង រងគ្រោះស្លាប់ ដោយសារការមិនបានយកចិត្តទុកដាក់ ជាពិសេស ភាពក្រីក្រនោះទេ”។
សម្តេចបានបន្តថា “នៅសម័យនេះ មានការចូលរួមច្រើន ហើយជាពិសេស សម័យបច្ចេកវិទ្យា ដែលធ្វើឲ្យមានការចែក រំលែកព័ត៌មាន និងការជួយចែករំលែកទឹកចិត្តជួយគ្នា ។ ការជួយប៉ះប៉ូវ និងការជួយបែបនេះ ជាវប្បធម៌នៃការជួយគ្នា ហើយក៏ជាការចូលរួម ជាមួយរាជរដ្ឋាភិបាលផងដែរ នេះហើយហៅថា វប្បធម៌ចែករំលែក ។ វប្បធម៌ចែករំលែកគឺថា អ្នកដែលមានលទ្ធភាព គឺចែកជួយទៅដល់អ្នកគ្មានលទ្ធភាព គឺមានទឹកចិត្ត ចឹងហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តទៅលើកិច្ចការងារនេះ ហើយថែមពីលើនេះ យើងនឹងរៀបចំ ប្រព័ន្ធអន្តរគមន៍“។
ចំពោះសំនួរដែល មានអ្នកសួរសម្តេច អំពីប្រព័ន្ធឧបត្ថម្ភសាច់ប្រាក់សង្គមនេះ ត្រូវបានសម្តេចបកស្រាយថា “ការព្រួយបារម្ភទៅលើជំនួយសង្គមរបស់យើង ដែលថាបង្កើតវប្បធម៌ពឹងផ្អែក មិនឲ្យមានវប្បធម៌ម្ចាស់ការ សូមពិនិត្យមើល នូវការអន្តរាគមន៍ របស់រាជរដ្ឋាភិបាលរបស់យើង គឺអត់មានអន្តរាគមន៍ណា មានចរឹកជាអចិន្ត្រៃយ៍ទេ គឺអន្តរាគមន៍ភាគច្រើន គឺផ្អែកទៅលើគ្រាមានអាសន្ន និងការលំបាក” ។
សម្តេចធិបតី បញ្ជាក់ថា “អត់មានការសន្យាមួយណាថា ត្រូវតែវាយអ៊ួរទាំងអស់ ហើយមួយជីវិតនោះទេ គឺយើងជួយហើយជួយមិនមែនតែផ្តល់ថវិកានោះដែរទេ”៕