ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃ៥ កុម្ភៈ បានធ្វើការណែនាំដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងសាធារណជនទាំងអស់ ក្នុងរាជធានីភ្នំពេញឲ្យមានការ ប្រុងប្រយ័ត្នចំពោះបញ្ហា៥ចំណុច នាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១១ កុម្ភៈ ខាងមុខ។

៥ចំណុចនោះរួមមាន ៖ ១-ហាមដាច់ខាតមិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ។ ២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឲ្យមានគ្រោះអគ្គិភ័យ កើតឡើងជាយថាហេតុ។ ដោយឡែកការដុត ក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិនឲ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។ ៣-ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ច គ្រប់ថ្នាក់ត្រូវចាត់វិធានការឲ្យម៉ឺងម៉ាត់បំផុត កុំឲ្យមានការ នាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ នឹងត្រូវត្រួតពិនិត្យដកហូតវត្ថុ ទាំងនេះ ដែលមានតាំងលក់នៅគ្រប់ ទីកន្លែងក្នុងរាជធានីភ្នំពេញ។ ៤- អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យ អនុវត្តតាមការណែនាំនេះមានប្រសិទ្ធភាព។ ៥-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងអនុវត្តទៅតាមផ្លូវច្បាប់ ចំពោះជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឲ្យមានចលាចលក្នុងសង្គម សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ ស្នងការក៏បានភ្ជាប់លេខទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉/២៤ម៉ របស់ក្រុមប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ០១២ ៩៩៩ ៩៩៩ និងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ៦៦៦, ០៩៧ ៧៣៣ ៣៣ ៥៥ ដើម្បីឲ្យពលរដ្ឋមានបញ្ហាទាក់ទងមកភ្លាមៗ៕


