ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃរយៈពេល ៨ថ្ងៃចុងក្រោយ ដោយគិតពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២៦ករណី និងឃាត់ខ្លួនជនសង្ស័យ៦៩នាក់ ដើម្បីចាត់ការតាមនីតិវិធី។

បើតាមការបញ្ជាក់បន្ថែមពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្នុងភូមិសាស្ត្ររាជធានី/ខេត្ត ចំនួន៥ ដែលនៅភ្នំពេញកើតឡើងនិងបង្ក្រាបបានច្រើនជាងគេ។ លោកបន្តថា រាជធានីភ្នំពេញ ២១ករណី ឃាត់ខ្លួន ៣៨នាក់ , ខេត្តកណ្ដាល ១ករណី ឃាត់ខ្លួន ៣នាក់ , ខេត្តកំពង់ស្ពឺ ២ករណី ឃាត់ខ្លួន ១៦នាក់ , ខេត្តព្រៃវែង ១ករណី ឃាត់ខ្លួន ១១នាក់ និងខេត្តស្វាយរៀង ១ករណី ឃាត់ខ្លួន ១នាក់។

សមត្ថកិច្ចជំនាញជំនាញ បាននិងកំពុងធ្វើការជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក្រោមការបញ្ជារផ្ទាល់ពី ស្នងការនគរបាលរាជធានីខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដោយបានដាក់ចេញវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងមិនដកដៃ។ តាមការសង្កេតឃើញថា ពួកគេបានបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ និងគ្រឹះស្ថានអប់រំរដ្ឋ ឯកជនជាដើម ធ្វើសកម្មភាពខុសសីលធម៌ និងផ្ទុយពីច្បាប់៕
