ព័ត៌មានជាតិ

តារាកំប្លែងជើងចាស់ និងអាជីវករថៃ ស្វាគមន៍ដំណើរទស្សនកិច្ច របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា (Video)

ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងពី ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់ប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរជាច្រើននាក់ ដែលកំពុងរស់នៅប្រទេសថៃ បានចេញសារអបអរសាទរនិងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។ ក្រៅពីនេះក៏មានពលរដ្ឋថៃជាច្រើន បានចេញសារស្វាគមន៍ចំពោះដំណើរទស្សនកិច្ច របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

លោកធូ ឡេះ តារាកំប្លែងជើងចាស់ថៃ រស់នៅទីក្រុងបាងកក បានសម្តែងអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា អញ្ជើញមកទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ តារាកំប្លែងជើងចាស់រូបនេះ បានជូនពរសម្តេចនាយករដ្ឋមន្ត្រី សម្រេចរាល់កិច្ចការចរចា ការងារនិងធុរកិច្ចផ្សេងៗ នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ។

សម្រាប់អាជីវករថៃ អ្នកនាង វរិផា កាន់កានុក រស់នៅទីក្រុងបាងកក ក៏បានសម្តែងការសាទរនិងត្រេកអរ ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូមកកាន់ប្រទេសថៃ។ ស្ត្រីជាអាជីវករថៃរូបនេះ បានគោរពជូនពរសម្តេចនាយករដ្ឋមន្ត្រី ជោគជ័យគ្រប់ភារកិច្ច និងសង្ឃឹមថា សម្តេចនឹងអញ្ជើញមកទស្សនកិច្ចនៅប្រទេសថៃ ជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ៕

To Top