ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំក្រសួង៣ ឲ្យជំរុញសមាគមមនុស្សចាស់ នៅទូទាំង ប្រទេសឲ្យដំណើរការ និងមាននិរន្ដរភាព

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយ ក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវសិក្សាជំរុញ សមាគមមនុស្សចាស់នៅទូទាំងប្រទេស ឲ្យដំណើរការ និងមាននិរន្ដរភាពផងដែរ។

នាឱកាសអញ្ជើញបិទសន្និបាតបូកសរុប លទ្ធផលការងារ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ សិក្សាជំរុញសមាគមមនុស្សចាស់នៅទូទាំងប្រទេស ឲ្យដំណើរការ និងមាននិរន្ដភាព»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំក្រសួងសង្គមកិច្ច ត្រូវពង្រឹង និងពង្រីកសមត្ថភាព មណ្ឌលក្នុងការអប់រំ ថែទាំ ព្យាបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនិតិសម្បទាជនរងគ្រោះ ដោយសារធាតុញៀន និងតាមដានករណី ក្រោយសមាហរណកម្ម ចូលសហគមន៍វិញ ។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា ក្រសួងសង្គមកិច្ច ក្រសួងសេដ្ឋកិច្ច និង ក្រសួងមុខងារសាធារណៈ ត្រូវសិក្សាលទ្ធភាព ដើម្បីបង្កើនមណ្ឌលបណ្ដុះបណ្ដាលអាសន្ន ថ្នាក់តំបន់ ដើម្បីដោះស្រាយការ កើនឡើងជនរងគ្រោះ ដោយសារគ្រឿងញៀន និងអប់រំថែទាំព្យាបាល និងស្ដារនីតិសម្បទាឲ្យ ក្លាយជាពលរដ្ឋល្អ៕

To Top