ភ្នំពេញ៖ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី ការវិវត្តអាជីពមន្ត្រីរាជការ និងអត្ថប្រយោជន៍មន្ត្រីរាជការស៊ីវិល នាព្រឹកថ្ងៃទី៦កុម្ភៈនេះ លោក កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ បានគូសំលេចដល់សិក្ខាកាមទាំងអស់ ឲ្យដឹងថា ធ្វើជាមន្ត្រីបើមិនស្គាល់ខ្លួនឯង ធ្វើម៉េចបានទៅស្គាល់គេនៅជុំវិញខ្លួន ពាក់ពន្ធ័នឹងការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយ តម្លាភាព និងប្រសិទ្ធិភាព។
លោក កើត ឆែ បានលើកឡើងថា សិក្ខាកាម ដែលបានចូលរួម ក្នុងវគ្គបណ្តុះបណ្តាលនាឱកាសនេះ គឺប្រៀបបាននឹងវេជ្ជបណ្ឌិត មកពិនិត្យសុខភាព ឲ្យដឹងថា មានជំងឺអ្វី ត្រូវព្យាបាលដុះខាត់ ដូច្នេះត្រូវព្យាយាមសិក្សារៀនសូត្រ បង្កើនចំណេះដឹង ត្រូវឧស្សាហ៍អានសៀវភៅ កុំមើលតែសៀវភៅ។
ក្នុងនោះលោកបានណែនាំថា “ធ្វើជាមន្ត្រីបើមិនស្គាល់ខ្លួនឯង ធ្វើម៉េចបានទៅស្គាល់គេនៅជុំវិញខ្លួនយើង ពាក់ពន្ធ័នឹងការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយ តម្លាភាព និងប្រសិទ្ធភាព”។
លោកអភិបាលស្តីទីបានណែនាំទៀតថា “ធ្វើជាមន្ត្រីរាជការសុំកុំធ្វើសកម្មភាពក្បត់មនសិការ។ បើយើងបំពេញការងារមិនក្បត់មនសិការនិងមានចំណេះដឹង នោះ កុសលនឹងកើតឡើងសំរាប់យើង។ មនុស្សពូកែមិនមែនចេះដោយមិនបានរៀននោះទេ ហើយប្រទេសដែលរីកចម្រើន គ្រួសារដែលរីកចម្រើន គឺ ដោយសារកត្តាសម្បូរធនធានមនុស្ស” ។
គួរឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានការចូលរួម ធ្វើបទឧទ្ទេសនាមពី លោក ស សាមឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសាស្ត្រចារ្យ នៅសាលាភូមិន្ទរដ្ឋបាលផងដែរ។ វិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល រួមមាន៖ ការដាក់ឲ្យអនុវត្តប្រព័ន្ធ ជ្រើសរើសមន្ត្រីចូលបំរើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ននិងប្រសិទ្ធភាព។ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកំពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធមម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងសក្តិសិទ្ធភាព ការដាក់ឲ្យអនុវត្តប្រពន្ធ័លើកទឹកចិត្ត គាំទ្រសមិទ្ធកម្មក្នុង រដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព៕





